ក្រសួងអប់រំនឹងបន្តអនុវត្តការវាយតម្លៃ និងផ្តល់ពានរង្វាន់ជ័យលាភីសាលារៀនគំរូ» និងបណ្ណសរសើរដល់សាលារៀនដែលខិតខំអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងលើកកម្ពស់គុណភាពអប់រំ និងពង្រឹងអភិបាលកិច្ចសាលារៀនស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោលការណ៍ស្តង់ដាសាលារៀនគំរូ ដែលបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំសិក្សា ២០២៣-២០២៤កន្លងមក ហើយក្រសួងនឹងបន្តអនុវត្តការវាយតម្លៃ និងផ្តល់ពានរង្វាន់ជ័យលាភីសាលារៀនគំរូ» និងបណ្ណសរសើរដល់សាលារៀនដែលខិតខំអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នាឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃសាលារៀនគំរូ ឆ្នាំសិក្សា ២០២៥-២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ដើម្បីឱ្យការវាយតម្លៃប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្រសួងអប់រំ យុវជន និងកីឡាបានជម្រាបជូនដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ជ្រាបអំពីនីតិវិធីនៃការជ្រើសរើស និងវាយតម្លៃសាលារៀន ដូចជា៖ ១. ការវាយតម្លៃ ត្រូវផ្អែកលើស្តង់ដាទាំង៥ នៃស្តង់ដាសាលារៀនគំរូជាមូលដ្ឋាន រួមមាន ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងការរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន ៥.គណនេយ្យភាពរបស់សាលារៀន។ ២. យន្តការ និងនីតិវិធីនៃការវាយតម្លៃមាន៖ ដំណាក់កាលទី១. គ្រឹះស្ថានសិក្សានីមួយៗ ត្រូវផ្តល់ស្វ័យរង្វាយតម្លៃសាលារៀនរបស់ខ្លួន និងឯកសារភស្តុតាងតាមស្តង់ដានីមួយៗច្បាស់លាស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ និងបញ្ជូនទៅការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានមុនដំណាច់ខែតុលា ឆ្នាំ២០២៦។

ដំណាក់កាលទី២. ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបង្កើតគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ព្រមទាំងជ្រើសរើសឈ្មោះសាលារៀនក្នុងក្រុង ស្រុក ខណ្ឌរបស់ខ្លួន រួចបញ្ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណាក់កាលទី៣. មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការបច្ចេកទេសពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីជ្រើសរើសបេក្ខភាពសាលារៀនគំរូតំណាងរាជធានី ខេត្តនីមួយៗ (រៀបចំដោយការិយាល័យអធិការកិច្ចនៃមន្ទីរ) រួចបញ្ជូនទៅក្រសួងអប់រំ យុវជន និងកីឡា(នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ) នៅសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណាក់កាលទី៤. ក្រុមការងារបច្ចេកទេសក្រសួងអប់រំ យុវជន និងកីឡា (ក្រុមការងារលេខាធិការដ្ឋានក្រសួង/អគ្គាធិការដ្ឋាន) ពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើបេក្ខភាពសាលារៀនគំរូ ដោយផ្អែកលើស្វ័យវាយតម្លៃសាលារៀន និងរបាយការណ៍វាយតម្លៃពាក់ព័ន្ធតាមលំដាប់ថ្នាក់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ក្នុងករណីចាំបាច់ក្រុមការងារចម្រុះរបស់ក្រសួងនឹងចុះពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃបន្ថែមនៅតាមសាលារៀនមួយចំនួន។ ចុងបញ្ចប់ គឺកិច្ចប្រជុំគណៈកម្មការវាយតម្លៃថ្នាក់ក្រសួងសម្រេចបញ្ជីឈ្មោះសាលារៀន ទទួលស្គាល់ជ័យលាភីសាលារៀនគំរូ និងផ្តល់បណ្ណសរសើរ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





