ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តកណ្តាល ដើម្បីត្រៀមរៀបចំបទបង្ហាញជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងពិនិត្យលទ្ធផលការងារដែលសម្រេចបានកន្លងមក កំណត់បញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយសមស្រប។ ជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តោតលើការប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំបទបង្ហាញជូនឯកឧត្តមអភិសន្តិបណ្ឌិត ឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងបានត្រឹមត្រូវពីស្ថានភាពជាក់ស្តែង នៃការអនុវត្តការងារនៅក្នុងខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ នៃអង្គភាពនិមួយៗជុំវិញជាច្រើនរូបផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





