តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នឹងបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦–តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) បានបញ្ជាក់ជាផ្លូវការថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ នេះជាការឈានទៅមុខជាក់ស្តែងនៃការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងមធ្យោបាយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទរវាងភាគីទាំងពីរលើដែនសមុទ្រ។
តុលាការមជ្ឈិត្តការអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ នេះស្តីពីនីតិវិធីផ្សះផ្សារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
គណៈកម្មការផ្សះផ្សានឹងបើកកិច្ចប្រជុំលើកដំបូងជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សេចក្តីថ្លែងការណ៍បើករបស់កម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៩:០០ ព្រឹក ម៉ោងសិង្ហបុរី និងនឹងមានការផ្សាយផ្ទាល់ជា ភាសាអង់គ្លេស ខ្មែរ និងថៃ។
នីតិវិធីនេះត្រូវបានកម្ពុជាផ្តួចផ្តើមនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈការជូនដំណឹងស្នើឱ្យបង្កើតយន្តការផ្សះផ្សាក្រោម មាត្រា 11 នៃឧបសម្ព័ន្ធទី V នៃ UNCLOS ដោយយោងផងដែរទៅមាត្រា 298 ក្រោយពីភាគីថៃបានសម្រេចលុបជាឯកតោភាគីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ MoU 2001 ដែលជាយន្តការទ្វេភាគីតែមួយគត់ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ថៃបានដាក់សេចក្តីឆ្លើយតបនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦។
គណៈកម្មការផ្សះផ្សាមានសមាជិក ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper នៃប្រទេសអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកមកពីដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។ ដោយមានការយល់ព្រមពីភាគីទាំងពីរ PCA ដើរតួនាទីជា Registry សម្រាប់នីតិវិធីនេះ។
សេចក្តីប្រកាសរបស់ PCA បញ្ជាក់ជាផ្លូវការថា នីតិវិធីសម្រុះសម្រួលកម្ពុជា–ថៃ ក្រោម UNCLOS បានចូលដល់ដំណាក់កាលកិច្ចប្រជុំជាមួយភាគីទាំងពីរហើយ។ នេះជាយន្តការដោះស្រាយវិវាទដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ដែលគណៈកម្មការអព្យាក្រឹតអាចស្តាប់ភាគីទាំងពីរ ពិនិត្យបញ្ហាផ្នែកច្បាប់ និងអង្គហេតុ ស្វែងរកចំណុចដែលអាចឯកភាពគ្នា និងដាក់សំណើ ឬអនុសាសន៍សម្រាប់ដំណោះស្រាយដោយសន្តិវិធី៕




ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា





