សមាគមកូរ៉េប្តេជ្ញាជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េមកកាន់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ -- សមាគមកូរ៉េ International Interchange Development Association (IIDA) បានប្តេជ្ញាជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ និងកត្តាសុខសុវត្ថិភាពទៅកាន់ប្រជាជនកូរ៉េ និងត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសកម្ពុជា និងកូរ៉េ។

នេះជាប្តេជ្ញារបស់លោក Mun Yong-Jo ប្រធានសមាគម International Interchange Development Association (IIDA) នៃសាធារណរដ្ឋកូរ៉េ នៅក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមក្រសួងទេសចរណ៍ ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិនកូរ៉េ។
លោក Mun Yong-Jo បានធ្វើការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កត្តាសុខសុវត្ថិភាព សន្តិសុខល្អប្រសើរដែលបានឃើញផ្ទាល់នាពេលនេះ ជាពិសេសអំពីលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃយុទ្ធនាការបង្រ្កាបបទល្មើសអនឡាញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី។

លើសពីនេះទៀត លោកប្រធាន ប្តេជ្ញាត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា និងកូរ៉េ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកប្រធាន Mun Yong-Jo និងសហការី ចំពោះគំនិតផ្តួចផ្តើមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងសមាគមកូរ៉េ ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាឱ្យបានច្រើនជាងបន្ថែមទៀត ជាពិសេសគឺការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ជាពិសេស ប្រទេសកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប បៃតង និងប្រកដោយភាពវៃឆ្លាត។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថាវិស័យទេសចរណ៍ ត្រូវបានចាត់ជាវិស័យអាទិភាព និងជាជន្ទល់សេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា សមាគម International Interchange Development Association (IIDA) គឺជាសមាគមអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ជាមួយបណ្តាប្រទេសជុំវិញពិភពលោក។
ដោយ៖ ស្រីពេជ្រ





