លោកបណ្ឌិត ហោ គន្ធា ព្រមានពីគ្រោះថ្នាក់នៃព័ត៌មានមិនពិត និងបច្ចេកវិទ្យា AI ដោយដាស់តឿនអ្នកសារព័ត៌មានឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា លោកបណ្ឌិត ហោ គន្ធា បានព្រមានធ្ងន់ៗពីគ្រោះថ្នាក់នៃព័ត៌មានមិនពិត និងការប្រើប្រាស់បច្ចេកវិទ្យា AI ខុសទិសដៅ ព្រមទាំងបានដាស់តឿនអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចៀសវាងការបង្កចលាចលសង្គម និងការប្រឈមមុខចំពោះមុខច្បាប់។

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ សាលប្រជុំនៃភោជនីយដ្ឋានបាយ័ន កាល់ម៉ែត បានរៀបចំជំនួបសំណេះសំណាល និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងវិស័យព័ត៌មាន ក្រោមអធិបតីភាព លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មានសរុបចំនួន ១២៥ នាក់ មកពី ៥០ អង្គភាពសារព័ត៌មាន។

ក្នុងឱកាសនោះ លោកបណ្ឌិត ហោ គន្ធា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃ «ព័ត៌មានមិនពិត (Fake News)» និងការយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់ក្នុងទិសដៅខុស ដែលអាចបង្កជាភាពចលាចល និងអសន្តិសុខនៅក្នុងសង្គម។ លោកបានលើកឡើងនូវឧទាហរណ៍ជាក់ស្ដែងកន្លងមក ដែលមានការបង្កើតវីដេអូ ឬសំឡេងក្លែងក្លាយតាមរយៈ AI ពាក់ព័ន្ធនឹងសភាពការណ៍សង្គ្រាម និងនយោបាយអន្តរជាតិ ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងភ័យស្លន់ស្លោ។ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយ លោកបណ្ឌិតបានរំលេចថា សាធារណជន និងអ្នកសារព័ត៌មាន គប្បីផ្ទៀងផ្ទាត់ និងតាមដានព័ត៌មានចេញពីប្រភពផ្លូវការ និងជឿទុកចិត្តបានចំនួន ៥ រួមមាន៖
• ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ
• ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចធិបតី
• ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងការពារជាតិ
• ទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងព័ត៌មាន
• ទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា
ទន្ទឹមនឹងការព្រមានពីផលអាក្រក់ លោកបណ្ឌិតក៏បានទទួលស្គាល់ថា AI គឺជាកម្មវិធី និងជាជំនួយការដ៏ល្អមួយសម្រាប់ស្មារតី និងការងាររដ្ឋបាលរបស់អ្នកសារព័ត៌មាន ប្រសិនបើប្រើប្រាស់វាឱ្យត្រូវទិសដៅ ដូចជាការស្រាវជ្រាវ ការរៀបចំផែនការងារ ឬការបំប្លែងសំឡេងទៅជាអត្ថបទ (Audio-to-Text) សម្រាប់កំណត់ហេតុប្រជុំជាដើម។

ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាក៏មិនភ្លេចដាស់តឿនដល់ចាងហ្វាង និងអ្នកសារព័ត៌មានទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្សាយផ្ទាល់ (Live) និងការប្រើប្រាស់ពាក្យពេចន៍លើបណ្ដាញសង្គម។ លោកបានរំលឹកថា ការប្រើប្រាស់អាកប្បកិរិយា ឬភាសាអសីលធម៌ ប្រមាថមើលងាយ គឺផ្ទុយស្រឡះពីច្បាប់ស្តីពីរបបសារព័ត៌មាន ហើយអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណ ឬប្រឈមមុខចំពោះមុខច្បាប់ថែមទៀតផង៕
ដោយ៖ ទូច វលក័្ខណ





