ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃកាត្រៀមរៀបចំវេទិកាជាតិ លើកទី៣ ស្តីពីអនាម័យ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំវេទិកាជាតិលើកទី៣ ស្តីពីអនាម័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ នៃនាយកដ្ឋានជំនាញផងដែរនារសៀលថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងឯកសារនានា ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដែលធ្វើឱ្យការរៀបចំឯកសារកាន់តែមានភាពល្អប្រសើរ។

អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានមានគូសបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅតំបន់ជនបទ ជាពិសេសការជំរុញឱ្យសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល (ODF) ទាំង ២៥រាជធានី-ខេត្ត៕

ដោយ៖ ពេជ្រ សំអឿន, (ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





