អភិបាលស្រុកស្ទោងថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែឧបត្ថម្ភសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណចំពោះលោកគឹម យ៉ុន និងភរិយា ដែលតែងតែឧបត្ថម្ភសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលស្រុកស្ទោង ក្នុងឱកាសប្រគល់-ទទួលអង្កររបស់លោក គឹម យ៉ុន ភរិយានៅអគាររដ្ឋបាលស្រុកស្ទោង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
លោកអភិបាលស្រុកបានលើកឡើងថា ការចូលរួមយ៉ាងសកម្មនេះគឺជាការបង្ហាញនូវកាយវិការគោរពស្រឡាញ់ និងចូលរួមយ៉ាងពេញទំហឹងរបស់សប្បុរសជនជាមួយរដ្ឋបាលស្រុក ហើយរដ្ឋបាលស្រុកនឹងនាំយកអំណោយអង្ករទាំងនេះ ទៅធ្វើកិច្ចការមនុស្សធម៌ ដើម្បីជួយឧបត្ថម្ភគាំទ្របន្តដល់ប្រជាពលរដ្ឋងាយរងហានិភ័យ និងអ្នកដែលជួបឧបទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋានឱ្យចំគោលដៅ និងទាន់ពេលវេលា ហើយមិនទុកឱ្យពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយអាជ្ញាធរមូលដ្ឋានមិនបានដឹងនិងមិនបានឧបត្ថម្ភគាំទ្រនោះឡើយ។
សូមបញ្ជាក់ថា អង្ករដែលបានទទួលនៅក្នុងឱកាសនេះមានចំនួន១តោន ហើយរដ្ឋបាលស្រុកស្ទោងបានសហការយ៉ាងស្អិតរមួតជាមួយក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសប្បុរសជនជិតឆ្ងាយធ្វើកិច្ចការមនុស្សធម៌ ឧបត្ថម្ភគាំទ្រទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលងាយរងហានិភ័យដូចភ្លៀងរលឹម៕

ដោយ ស៊ុម វណ្ណា





