ឯកឧត្តម សរ សិទ្ធិ ជាប់ឆ្នោតបន្តដឹកនាំសហព័ន្ធសូហ្វតិន្នីស ដោយណែនាំនូវចំណុចគន្លឹះសំខាន់ចំនួន៥ ជំរុញការអភិវឌ្ឍបន្ថែម
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ឯកឧត្តម សរ សិទ្ធិ ដែលជាប់ឆ្នោតក្នុងមហាសន្និតបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៤ ឆ្នាំ២០២៦-២០៣០ បានណែនាំដល់សមាជិកសហព័ន្ធជាមួយចំណុចគន្លឹះសំខាន់ៗចំនួន ដើម្បីជំរុញការអភិវឌ្ឍកីឡានេះឱ្យកាន់តែរីកចម្រើន។

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ ដែលបានធ្វើឡើនៅទីស្នាក់ការ NOCC ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ឯកឧត្តម សរ សិទ្ធិ មានប្រសាសន៍ថា វិស័យកីឡាមិនត្រឹមតែជាឧបករណ៍បង្កើនសុខភាព និងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិមួយយ៉ាងមានប្រសិទ្ធភាពផងដែរ។ យើងបានឃើញរួចហើយនូវការខិតខំរបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនីរបស់យើង ដែលដណ្តើមបានកិត្តិយសជូនសង្គមជាតិក្នុងព្រឹត្តិការណ៍នានាកន្លងមក។ លទ្ធផលទាំងនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាសហការគ្នាយ៉ាងស្អិតរមួតរវាងការគ្រប់គ្រងប្រកបដោយចក្ខុវិស័យរបស់សហព័ន្ធ និងការហ្វឹកហាត់យ៉ាងស្វិតស្វាញរបស់កីឡាករម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍ និងសមិទ្ធផលដែលយើងសម្រេចបានកន្លងមក គ្រាន់តែជាជំហានមួយប៉ុណ្ណោះ។ នៅចំពោះមុខយើង ការពិតជាក់ស្តែងពិភពនៃកីឡា កំពុងតែមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្លា និងកាន់តែទំនើបជាងមុន។ ហេតុនេះ ដើម្បីធានាបានថាសហព័ន្ធកីឡាសូហ្វតិន្នីសរបស់យើងអាចបន្តដំណើរទៅមុខប្រកបដោយនិរន្តរភាព ភាពរស់រវើក និងសមត្ថភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តមប្រធានសហព័ន្ធបានបានផ្តល់នូវការណែនាំនូវគន្លឹះចំនួន ៥ រួមមាន៖ ទី១. ការពង្រឹងយន្តការគ្រប់គ្រង និងអភិបាលកិច្ចល្អ សហព័ន្ធត្រូវបន្តរៀបចំ និងកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ដោយត្រូវបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនីមួយៗ។ ទី២. ការពង្រីកការផ្សព្វផ្សាយ និងការស្វែងរកសក្តានុពលយុវជនជំនាន់ក្រោយ យើងត្រូវទទួលស្គាល់ថា កីឡាសូហ្វតិន្នីសនៅមានកម្រិតនៃការដឹងឮពីសាធារណជនទូទៅនៅឡើយ បើធៀបនឹងកីឡាពេញនិយមផ្សេងទៀត។ ដូច្នេះសហព័ន្ធត្រូវបង្កើតយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីទូរទស្សន៍ និងការចុះធ្វើសកម្មភាពផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា។ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់បញ្ចូល ឬបង្កើតកម្មវិធីកីឡាសូហ្វតិន្នីសនៅតាមសាលារៀន និងសាកលវិទ្យាល័យ សំដៅស្វែងរក និងបណ្តុះបណ្តាលគ្រាប់ពូជយុវជនថ្មីៗ ដែលមានចំណង់ចំណូលចិត្តជាមួយកីឡា។
ទី៣. ការលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹក និងអាជ្ញាកណ្តាលដើម្បីទទួលបានកីឡាករឆ្នើម យើងត្រូវមានគ្រូបង្វឹកដែលប្រកបដោយសមត្ថភាព និងចំណេះដឹងស្តង់ដារអន្តរជាតិ។ សហព័ន្ធត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបញ្ជូនគ្រូបង្វឹក និងអាជ្ញាកណ្តាល ទៅចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលានៅក្រៅប្រទេស ក៏ដូចជាការអញ្ជើញអ្នកជំនាញបរទេសមកចែករំលែកបទពិសោធផ្ទាល់។ ការធ្វើបច្ចុប្បន្នភាពលើច្បាប់នៃការប្រកួត និងបច្ចេកទេសហ្វឹកហ្វឺនទំនើបៗ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការដំឡើងកម្រិតសមត្ថភាពបច្ចេកទេស។

ទី៤. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារកីឡាសម្រាប់ការហ្វឹកហាត់ គឺផ្តោតខ្លាំងទៅលើគុណភាពទីលាន និងសម្ភារឧបករណ៍កីឡា។ សហព័ន្ធត្រូវមានផែនការច្បាស់លាស់ក្នុងការថែទាំ និងការកសាងបន្ថែមនូវទីលានប្រកួត និងការហ្វឹកហាត់ប្រកបដោយស្តង់ដា។ ជាមួយគ្នានេះ ត្រូវខិតខំស្វែងរកការចូលរួមពីវិស័យឯកជន តាមរយៈការបង្កើតភាពជាដៃគូ (Sponsorship) ដើម្បីទទួលបានការឧបត្ថម្ភគាំទ្រ។ ទី៥. ការបង្កើនការប្រកួតប្រជែងផ្ទៃក្នុង ដោយសហព័ន្ធត្រូវរៀបចំការប្រកួត ចាប់តាំងពីកម្រិតជើងឯកយុវជន កម្រិតសាលារៀន រហូតដល់កម្រិតថ្នាក់ជាតិ។ ការប្រកួតក្នុងស្រុកដែលសម្បូរបែបនឹងជួយឱ្យកីឡាករមានឱកាសវាស់ស្ទង់សមត្ថភាព កាត់បន្ថយសម្ពាធផ្លូវចិត្ត និងបង្កើនបទពិសោធនៅលើទីលាន។ ទន្ទឹមនឹងនេះ ត្រូវស្វែងរកឱកាសក្នុងការបញ្ជូនកីឡាករ កីឡាការិនីដែលមានសមត្ថភាពខ្ពស់ ទៅចូលរួមការប្រកួតមិត្តភាព ឬការប្រកួតអន្តរជាតិឱ្យបានច្រើន។

ឯកឧត្តម សរ សិទ្ធិ បានលើកឡើងថា អនុសាសន៍ទាំង ៥ ចំណុចនេះ នឹងមិនអាចលេចចេញជាលទ្ធផលផ្លែផ្កាបានឡើយ ប្រសិនបើខ្វះការចូលរួមអនុវត្តដោយស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់សមាជិក សមាជិកាទាំងអស់របស់សហព័ន្ធ។ ឯកឧត្តម សរ សិទ្ធិ ជឿជាក់យ៉ាងមុតមាំថា ក្រោយបញ្ចប់មហាសន្និបាតនេះ ថ្នាក់ដឹកនាំ និងសមាជិកថ្មីដែលទទួលបានការទុកចិត្ត នឹងនាំយកនូវថាមពលថ្មី ទស្សនវិស័យថ្មី និងយុទ្ធសាស្ត្រមុតស្រួច ទៅអនុវត្តការងារឱ្យជោគជ័យត្រចះត្រចង់។

គួរបញ្ជាក់ថា ចំពោះសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អាណត្តិថ្មីនេះ មាន៣៥រូប ដឹកនាំដោយឯកឧត្តម សរ សិទ្ធិ ជាប្រធាន, លោក សរ សុគន្ធ ជាអនុប្រធានទី១ និងអនុប្រធាន៧រូបទៀត ខណៈឯកឧត្តម យិត ភីរៈ ជាអគ្គលេខាធិការអមដោយអគ្គលេខាធិការរង ៤រូប, លោក អ៊ាន សុភ័ក្រ្ត ជាអគ្គហេរញ្ញិក អមដោយអគ្គហេរញ្ញិករង៣រូប ព្រមទាំងសមាជិកជាច្រើនរូបទៀត៕
ដោយ ហេង ណាលីន





