មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបនៅនឹងកន្លែង
AKP កំពង់ធំ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានប្រារព្ធពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវបទបញ្ជាមួយចំនួនជូនដល់កងកម្លាំងក្រោមឱវាទ និងប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបដោយម្ចាស់ការនៅនឹងកន្លែងប្រចាំសប្ដាហ៍ នៅរៀងរាល់ព្រឹកថ្ងៃចន្ទ ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមវត្តមានរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា ថៃ ដែលបច្ចុប្បន្ននេះ ភាគីយោធាថៃនៅតែរំលោភលើសេចក្ដីប្រកាសរួមស្តីពីបទឈប់បាញ់ជាបន្តបន្ទាប់ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លេណដ្ឋាន រាយបន្លាលួសនៅចំណុចមួយចំនួន រំលោភលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា ក្រោយពេលបទឈប់បាញ់ចូលជាធរមានរួចហើយ។ ជាមួយគ្នានេះដែរ បណ្ដាញសារព័ត៌មានធំៗល្បីៗមួយចំនួន នៅលើពិភពលោកបានចុះផ្សាយបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីសភាពការពិតនៃការឈ្លានពាន និងកាន់កាប់បូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់ នៅតំបន់មួយចំនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាព សិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលផ្ទះសម្បែងនិងដីធ្លីមួយចំនួនត្រូវបានទាហានថៃចូលកាន់កាប់ដោយខុសច្បាប់ ។ ហើយកម្ពុជាបានខិតខំអត់ធ្មត់ ដោយគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ជាអាទិ៍៖ ទី១. កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងការគោរពតាមបទបញ្ជា ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។ ទី២. ត្រូវត្រៀមខ្លួន និងមធ្យោបាយ សម្ភារៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះ។

ទី៣. ត្រូវបន្តការបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើ និងបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។ ទី៤. ត្រូវចូលរួមក្នុងអនុវត្តភារកិច្ចកំណែទម្រង់ស៊ីជម្រៅរបស់កងយោធពលខេមរភូមិន្ទ និងការផ្សព្វផ្សាយ អនុវត្តន៍ច្បាប់កាតព្វកិច្ចយោធាឱ្យមានប្រសិទ្ធភាពនិងទី៥.ត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រឲ្យយោធិនគ្រប់រូប ដើម្បីពង្រឹងកាយសម្បទារឹងមាំ យុទ្ធវិធី បច្ចេកទេស និងសណ្ដាប់ធ្នាប់ជួរទ័ពឱ្យបានល្អ សមស្របជាធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ។

នៅក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានផែនការហ្វឹកហ្វឺនបំប៉នលំហាត់របៀបប្រចាំសប្ដាហ៍។ ជាចុងក្រោយឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបជូនដល់យោធិនចំណុះទីបញ្ជាការងកំពង់ធំ និងត្រួតពិនិត្យការហ្វឹកហាត់ផងដែរ៕

ដោយ ស៊ុម វណ្ណា





