អាជ្ញាធរស្រុកមង្គលបូរី ជំរុញពន្លឿនគម្រោងដាក់លូប្រវែង ៥៦៦ម៉ែត្រ ដើម្បីពង្រឹងប្រព័ន្ធរំដោះទឹក និងកាត់បន្ថយការជន់លិចតាមដងផ្លូវ
AKP បន្ទាយមានជ័យ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានបន្តយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធរំដោះទឹក ជាពិសេសនៅតំបន់ទីរួមស្រុក ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅ និងធ្វើចរាចរណ៍យ៉ាងមមាញឹក ដោយបានជំរុញការអនុវត្តគម្រោងដាក់លូរំដោះទឹកប្រវែងសរុប ៥៦៦ម៉ែត្រ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទឹកជន់លិចតាមដងផ្លូវ និងលើកកម្ពស់សោភណភាពបរិស្ថានក្នុងមូលដ្ឋាន។

នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរីរួមនិងក្រុមការងារ ចុះពិនិត្យបច្ចេកទេសជាក់ស្តែងលើការអនុវត្តគម្រោងទីតាំងដាក់លូរំដោះទឹក ដែលស្ថិតនៅត្រង់ចំណុចរោងកុនចាស់ ផ្លូវឆ្ពោះទៅផ្សារមង្គលបូរី ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី។ គម្រោងនេះជាគម្រោងដែលអនុវត្តន៍ដោយប្រើប្រាស់មូលនិធិខេត្ត មានប្រវែងសរុប ៥៦៦ម៉ែត្រ ហើយមកដល់ពេលចុះពិនិត្យ ការងារបាននិងកំពុងអនុវត្តសម្រេចបានប្រវែងប្រមាណ ២៣០ម៉ែត្រ។
ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋាន លោក កែវ តារារស្មី បានជំរុញដល់ក្រុមការងារ និងអ្នកអនុវត្តគម្រោងឱ្យខិតខំពន្លឿនដំណើរការសាងសង់ ដោយត្រូវធានាទាំងល្បឿននៃការងារ និងគុណភាពបច្ចេកទេស ដើម្បីឱ្យគម្រោងអាចបញ្ចប់តាមផែនការកំណត់ និងផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការដាក់ប្រព័ន្ធលូរំដោះទឹកមិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់ក្នុងការកែលម្អប្រព័ន្ធរំដោះទឹក កាត់បន្ថយការជន់លិច និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំង។
លោក កែវ តារារស្មី ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ក្នុងការជំរុញការកែលម្អប្រព័ន្ធលូរំដោះទឹកនៅតាមដងផ្លូវ និងតំបន់ប្រជុំជន ដោយចាត់ទុកការដោះស្រាយបញ្ហាទឹកជន់លិច និងការរៀបចំបរិស្ថានទីប្រជុំជនឱ្យមានសណ្តាប់ធ្នាប់ ជាផ្នែកមួយនៃការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទីតាំងគម្រោង ចំពោះផលប៉ះពាល់ជាបណ្តោះអាសន្នដែលអាចកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារ ដូចជាការរំខានដល់ការធ្វើដំណើរ ឬការចូលចេញតាមលំនៅឋាន និងអាជីវកម្ម។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យ ចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារបច្ចេកទេសទាំងអស់គ្នា ក្នុងការរៀបចំប្រព័ន្ធរំដោះទឹក និងថែរក្សាលូឱ្យបានល្អ ជាពិសេសមិនត្រូវបោះសំរាម ឬវត្ថុរឹងចូលក្នុងប្រព័ន្ធលូ ដែលអាចបណ្តាលឱ្យស្ទះ និងធ្វើឱ្យប្រព័ន្ធរំដោះទឹកមិនអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព។
លោក កែវ តារារស្មី បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយ ដើម្បីធានាឱ្យប្រព័ន្ធលូដែលបានវិនិយោគសាងសង់អាចប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព ព្រមទាំងជួយធ្វើឱ្យទីរួមស្រុកមង្គលបូរីកាន់តែមានសោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានស្អាតល្អ។

តាមរយៈការជំរុញអនុវត្តគម្រោងដាក់លូរំដោះទឹកនេះ អាជ្ញាធរស្រុកមង្គលបូរីរំពឹងថា នឹងអាចចូលរួមដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកមិនទាន់មានប្រសិទ្ធភាពនៅតំបន់គោលដៅ កាត់បន្ថយហានិភ័យនៃការជន់លិចតាមដងផ្លូវ និងជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀត គម្រោងនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការផ្សារភ្ជាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយការរៀបចំបរិស្ថាន និងសោភ័ណភាពទីប្រជុំជន ដើម្បីឱ្យទីរួមស្រុកមង្គលបូរីកាន់តែមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ និងប្រកបអាជីវកម្ម៕
ដោយ ឈុន សារ៉ាត





