ឯកឧត្តមអ៊ុំ រាត្រី៖ ទោះមានបញ្ហាព្រំដែន ក៏អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តយកចិត្តទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--«ទឹកភ្នែកនៃភាពជោគជ័យ» បានក្លាយជារូបភាពដ៏រំជួលចិត្តមួយនៅក្នុងពិធីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខណៈសិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំខេត្ត បានរួមគ្នាចែករំលែកក្តីសប្បាយរីករាយចំពោះផ្លែផ្កានៃការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ពិធីប្រកាសលទ្ធផលនេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ទោះបីជាខេត្តបន្ទាយមានជ័យមានបញ្ហាព្រំដែនក្តី ក៏គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដោយចាត់ទុកការអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្ស និងអនាគតរបស់ខេត្ត និងប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជន បេក្ខនារី លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញឱ្យដំណើរការសិក្សា និងការប្រឡងប្រព្រឹត្តទៅដោយរលូន ទោះបីស្ថានភាពមួយចំនួនមានការប្រឈមក៏ដោយ។
ឯកឧត្តមបានផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សគ្រប់រូបថា លទ្ធផលដែលទទួលបាននៅថ្ងៃនេះ មិនថាជាប់ក្នុងនិទ្ទេសណាក៏ដោយ គឺសុទ្ធតែជាជំហានមួយដ៏សំខាន់នៅក្នុងដំណើរជីវិត។ សម្រាប់អ្នកទទួលបានលទ្ធផលល្អ វាជាកម្លាំងជំរុញឱ្យបន្តខិតខំសិក្សានៅកម្រិតឧត្តមសិក្សា ខណៈអ្នកដែលមិនទទួលបានលទ្ធផលតាមការរំពឹងទុក ក៏មិនគួរបាក់ទឹកចិត្តឡើយ ប៉ុន្តែត្រូវយកបទពិសោធន៍នេះជាមេរៀន ដើម្បីបន្តដំណើរទៅមុខ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានលើកទឹកចិត្តឱ្យយុវជនដែលទទួលបានជោគជ័យ មិនត្រឹមតែផ្តោតលើការទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ សីលធម៌ និងស្មារតីទទួលខុសត្រូវ ដើម្បីត្រៀមខ្លួនក្លាយជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសង្គមជាតិ។
បរិយាកាសក្នុងពិធីប្រកាសលទ្ធផល បានបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍ចម្រុះរបស់សិស្សានុសិស្ស និងអាណាព្យាបាល។ ទឹកមុខញញឹម សំឡេងអបអរសាទរ ការអោបគ្នា និងទឹកភ្នែករំភើប បានក្លាយជាសក្ខីភាពនៃការតស៊ូ និងការរង់ចាំអស់រយៈពេលជាយូរ។ សម្រាប់សិស្សម្នាក់ៗ លទ្ធផលដែលបានប្រកាសនៅថ្ងៃនេះ គឺមិនមែនជាលេខ ឬអក្សរនៃនិទ្ទេសតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការលះបង់របស់ឪពុកម្តាយ និងការបង្រៀនណែនាំរបស់លោកគ្រូ អ្នកគ្រូ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យមានបេក្ខជនចូលរួមប្រឡងសរុប ៥.៨៧៧នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៥.១០៦នាក់ ស្មើនឹង ៨៦,៨៨ភាគរយ ហើយក្នុងចំណោមអ្នកប្រឡងជាប់ មានបេក្ខនារីចំនួន ៣.១២៧នាក់។អ្វីដែលកាន់តែគួរឱ្យអបអរសាទរ គឺក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងនោះ មានសិស្សចំនួន ៨៨នាក់ ទទួលបាននិទ្ទេស A ដែលជាសមិទ្ធផលគួរឱ្យមោទនភាពសម្រាប់សិស្សានុសិស្ស គ្រួសារ សាលារៀន និងវិស័យអប់រំទាំងមូលរបស់ខេត្តបន្ទាយមានជ័យ។
លទ្ធផលនេះក៏អាចចាត់ទុកជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃវិស័យអប់រំនៅខេត្តបន្ទាយមានជ័យ ដែលនៅតែបន្តរក្សាការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ទោះបីមានបញ្ហាប្រឈមផ្សេងៗនៅតាមតំបន់ព្រំដែនក៏ដោយ។
ជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ។ ពីសាលាមធ្យមសិក្សា យុវជនទាំងនេះត្រូវបន្តដំណើរទៅកាន់សាកលវិទ្យាល័យ ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ និងពិភពការងារ ដើម្បីបម្លែងចំណេះដឹងដែលទទួលបានទៅជាសមត្ថភាពពិតប្រាកដសម្រាប់បម្រើគ្រួសារ សហគមន៍ និងប្រទេសជាតិ។

ក្នុងន័យនេះ ពិធីប្រកាសលទ្ធផលបាក់ឌុបឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ មិនត្រឹមតែជាពិធីបង្ហាញលទ្ធផលប្រឡងប៉ុណ្ណោះទេ ប៉ុន្តែជាពេលវេលាដ៏មានន័យដែលបង្ហាញពី ក្តីសង្ឃឹមរបស់យុវជន ក្តីរំភើបរបស់ឪពុកម្តាយ ការលះបង់របស់លោកគ្រូ អ្នកគ្រូ និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋានក្នុងការរួមចំណែកកសាងធនធានមនុស្ស។
ពីទឹកភ្នែកនៃការរង់ចាំ ទៅជាស្នាមញញឹមនៃភាពជោគជ័យសិស្សានុសិស្សទាំង ៥.១០៦នាក់ ដែលបានប្រឡងជាប់ គឺកំពុងបើកទំព័រថ្មីមួយសម្រាប់អនាគតរបស់ខ្លួន ខណៈសិស្សទទួលបាននិទ្ទេស A ទាំង ៨៨នាក់ ក៏បានក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយ ឱ្យបន្តជឿជាក់លើការសិក្សា ការខិតខំ និងក្តីស្រមៃរបស់ខ្លួន។
សម្រាប់ខេត្តបន្ទាយមានជ័យ លទ្ធផលបាក់ឌុបឆ្នាំ២០២៦ គឺជាជោគជ័យមួយដែលមិនត្រឹមតែវាស់តាមភាគរយប្រឡងជាប់នោះទេ ប៉ុន្តែវាស់តាមចំនួនក្តីសង្ឃឹមថ្មីៗ ដែលកំពុងត្រូវបានបើកសម្រាប់យុវជនជំនាន់ក្រោយ៕
ដោយ ឈុន សារ៉ាត





