អ្នកច្នៃប្រឌិតវ័យក្មេងបង្ហាញគំនិតថ្មីៗនៅក្នុងកិច្ចប្រជុំកំពូល Startup នៅ Kashmir
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- និស្សិតវ័យក្មេង និងសហគ្រិនដែលមានមហិច្ឆតាបានប្រមូលផ្តុំគ្នានៅក្នុងកិច្ចប្រជុំកំពូល Startup ដែលបានធ្វើឡើងនៅលើច្រាំងទន្លេដាល (Dal) ក្នុងទីក្រុង Srinagar រដ្ឋកាស្មៀរ Kashmir ដើម្បីបង្ហាញគំនិតច្នៃប្រឌិតរបស់ពួកគេ និងស្វែងរកមូលនិធិពីរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។
កិច្ចប្រជុំកំពូល Startup ASCEND-2026 ដែលរៀបចំដោយវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព ចាមួរ កាស្មៀរ (Jammu & Kashmir) បានប្រមូលផ្តុំនិស្សិតរាប់រយនាក់ និងសហគ្រិនដែលមានសមត្ថភាព មកបង្ហាញគំនិតអាជីវកម្ម និងនវានុវត្តន៍របស់ពួកគេ។
ក្នុងចំណោមការដាក់តាំងបង្ហាញ គេឃើញម៉ាស៊ីនដែលដំណើរការដោយ AI ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងចម្ការផ្លែប៉ោម ការប្រមូលសំរាមការប្រើប្រាស់ AI តម្រៀប និងកែច្នៃសំរាម ក៏ដូចជាគំនិតថ្មីៗសម្រាប់ការចិញ្ចឹមត្រីត្រោត ការផលិតទឹកឃ្មុំ និងការដាំផ្កាសាហ្វ្រន់ជាដើម។
លោក Omar Abdullah រដ្ឋមន្រ្តី នៃរដ្ឋចាមួរ កាស្មៀរ បានចែកចាយមូលប្បទានប័ត្រដល់ក្រុមហ៊ុន Startup ចំនួនប្រាំពីរ ចំនួន ៥លានរូពីក្នុងមួយក្រុមហ៊ុន សម្រាប់មូលនិធិគ្រាប់ពូជ និងគំនិតផ្តួចផ្តើមថ្មីៗដើម្បីគាំទ្រនវានុវត្តន៍ និងបានណែនាំសៀវភៅថ្មីៗទាក់ទងនឹង Startup។
លោករដ្ឋមន្ត្រីបានពិពណ៌នាអំពីកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះថាជាវេទិកាសកម្មមួយ ដែលបង្ហាញជូនគំនិតថ្មីៗ ក៏ដូចជាការដាក់តាំងនវានុវត្តន៍ ការផ្តល់ជូនការវិនិយោគ និងការយល់ដឹងគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាលើកទឹកចិត្តសហគ្រិនភាព និងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងរដ្ឋ ចាមួរ កាស្មៀរ។
លោករដ្ឋមន្ត្រី Abdullah បានមានប្រសាសន៍ថា «ប្រសិនបើយើងផ្តល់មូលនិធិដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មចំនួន១០ ប្រហែលជាមាន៨ នឹងមិនទទួលបានជោគជ័យទេ។ ប៉ុន្តែ ក្រុមហ៊ុនពីរដែលទទួលបានជោគជ័យនឹងជួយបង្រៀន ឬបំពេញបន្ថែមទៅកាន់ក្រុមហ៊ុនចំនួន៨ ដែលបរាជ័យនោះ… យើងមិនខ្លាចបរាជ័យទេ។ រឿងតែមួយគត់ដែលយើងខ្លាច គឺមិនបានផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់អ្នកទាំងអស់គ្នា»។ លោកក៏បានមានប្រសាសន៍ផងដែរថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីពង្រឹងវិស័យ startup និងកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយដើម្បីគាំទ្រដល់អាជីវកម្មថ្មីៗ និងអ្នកច្នៃប្រឌិត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា)





