ឯកឧត្ដម លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបន្តបោសសម្អាតគ្រាប់មីន និងសំណល់ពីសង្គ្រាមឱ្យអស់នៅត្រឹមឆ្នាំ២០៣៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងនៅតែបន្តបោសសម្អាត ហើយបោសសម្អាតឱ្យទាស់តែអស់ត្រឹមឆ្នាំ២០៣៥ កម្ពុជាបានប្តេជ្ញា មិនឱ្យមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រទេសមួយដែលគ្មានសហគមន៍ណាមួយរស់នៅដោយមានការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ។ រាជរដ្ឋាភិបាល មិនដែលចាត់ទុកសកម្មភាពមីន ជាកម្មវិធីបន្ទាប់បន្សំនោះទេ សកម្មភាពមីន គឺជាស្នូលនៃការអភិវឌ្ឍន៍ជាតិ និងសូមប្តេជ្ញាចិត្តចំពោះប្រជាជនរបស់យើង និងជាការសន្យារបស់យើងចំពោះមនុស្សជំនាន់ក្រោយ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្ដម បានបញ្ជាក់បែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយជាតិស្តីពីសកម្ម ភាពមីនឆ្នាំ២០២៦-២០៣៥ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦ ។

ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប្រជាជនជាង៤០០០នាក់ ក្នុងមួយឆ្នាំបានរងគ្រោះហើយខ្លះបាត់បង់ជីវិត ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កសិករមិនអាចដាំដុះលើដីបាន ក្មេងមិនអាចដើរទៅសាលាបាន សហគមន៍ទាំងមូលត្រូវបានហ៊ុមព័ទ្ធដោយដីដ៏មានគ្រោះថ្នាក់ ហើយប្រជាជនបានត្រឹមឈរសម្លឹងមើលលើ ដីដ៏មានជីជាតិនោះពីចម្ងាយ ។ បច្ចុប្បន្ន អត្រាជនរងគ្រោះ បានថយចុះក្រោម១០០នាក់ ក្នុងមួយឆ្នាំ។ ដីមីនជាច្រើនពាន់គីឡូម៉ែត្រ ត្រូវបានបោសសម្អាត។ ដីដែលមនុស្សធ្លាប់ភ័យខ្លាច បច្ចុប្បន្នត្រូវបានធ្វើស្រែចម្ការ សាងសង់សាលារៀន និងស្វាគមន៍ការវិនិយោគ។

ឯកឧត្ដម លី ធុជ បានបន្ដថា ចក្ខុវិស័យនៃគោលនយោបាយនេះ គឺច្បាស់លាស់ កម្ពុជាមួយរួចផុតពីផលប៉ះពាល់ នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ បច្ចុប្បន្ន ភាពជោគជ័យ គឺនៅចំពោះមុខយើង ប៉ុន្តែនៅចន្លោះរវាងយើង និងភាពជោគជ័យនោះគឺការប្តេជ្ញា.ការប្តេជ្ញារបស់យើងក្នុងការដឹកនាំការប្តេជ្ញារបស់អ្នកក្នុងការឈរនៅជាមួយយើង និងការប្តេជ្ញារបស់យើងទាំងអស់គ្នា ដើម្បីបញ្ចប់ការងារ ដែលយើងបានចាប់ផ្តើមមក ។
ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានបញ្ជាក់ថា គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ ២០២៦-២០៣៥ មានគោលបំណង បញ្ចប់ការបោសសម្អាត តំបន់ដែលដឹងថាមានមីន និងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ច សង្គ្រោះជនរងគ្រោះ ប្រកបដោយចីរភាពនិងបរិយាបន្ន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើក កម្ពស់កិត្យានុភាពកម្ពុជាលើ ឆាកអន្តរជាតិ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលបំណងខាងលើ គ.ជ.ស.ម.បានដាក់ចេញនូវគោលដៅចម្បងចំនួន៦ និងយុទ្ធសាស្រ្តចំនួន ៣០ ។ ដោយគោលដៅទី១ : រំដោះផ្ទៃដីដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែក ចង្កោមទាំងអស់និងផ្ទៃដីអាទិភាពដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមត្រឹមឆ្នាំ២០៣៥ ។ គោលដៅទី២.កសាងសមត្ថ ភាពនិងបង្កើតក្របខ័ណ្ឌជាតិប្រកបដោយចីរភាព ដើម្បីគ្រប់គ្រងសំណល់យុទ្ធ ភណ្ឌគ្រឿងផ្ទះដែលនៅសេសសល់ ។ គោលដៅទី៣: ផ្តល់ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះប្រកបដោយប្រសិទ្ធភាពឆ្លើយតប ទៅនឹងការផ្លាស់ប្តូរនៃតម្រូវការនិងបរិបទ ។ គោលដៅទី៤,ផ្តល់សេវាកម្មនិងជំនួយឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាពជូនដល់ជនរងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។ គោលដៅទី៥, លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងជំនួយអន្តរជាតិក្នុងសកម្មភាពមីន ប្រកបដោយប្រសិទ្ធ ភាពក្នុងសកម្មភាពមីន ។គោលដៅទី៦,ធានាថាសកម្មភាពមីន ឆ្លើយតបបញ្ហាអន្តរវិស័យ និងប្រើប្រាស់កត្តាជំរុញឱ្យប្រសើរឡើងសេចក្តីសង្ខេបគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ៕
ដោយ សួស សំរិត





