តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន១២ខ្សែនៅខេត្តតាកែវ
AKP តាកែវ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យនិងវាយតម្លៃ គុណភាពផ្លូវជនបទចំនួន១២ខ្សែមានប្រវែងសរុបជាង១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦នៃខេត្តតាកែវ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ជាអ្នកជួសជុលនិងថែទាំ។

ការចុះពិនិត្យនិងវាយតម្លៃនាពេលនេះ ធ្វើឡើងនៅស្រុកបាទី ស្រុកសំរោង ស្រុកព្រៃកប្បាស ស្រុកត្រាំកក់ ស្រុកទ្រាំង និងស្រុកគិរីវង់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារទី១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃផ្ទាល់នៅតាមផ្លូវនីមួយៗ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងអនុវត្តការសាងសង់ និងជួសជុល ថែទាំផ្លូវទាំង១២ខ្សែនេះ ស្របតាមបទដ្ឋានបច្ចេកទេស និងគុណភាពដែលបានកំណត់។

លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំថា ផ្លូវជនបទដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានជួសជុលនិងថែទាំទាំង១២ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់នៅមូលដ្ឋាន ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ដូច្នេះខ្ញុំសូមស្នើដល់ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ត្រូវបន្តយកចិត្តទុកដាក់លើគុណភាពបច្ចេកទេសឱ្យបានរឹងមាំ និងសូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ សូមរួមគ្នាថែរក្សា មិនត្រូវដឹកជញ្ជូនទំនិញធន់ធ្ងន់លើសទម្ងន់កំណត់នោះឡើយ។ដើម្បីរក្សាគុណភាពផ្លូវ និងលូឱ្យបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍យើងទាំងអស់គ្នា។

លោកជំទាវ ឯក គន្ធវារី បានបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃនាពេលនេះ ដើម្បីធានាឱ្យបាននូវតម្លាភាព គុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការស្ថាបនា និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនូវទូទាំងខេត្តតាកែវ៕
ដោយ អ៊ុច សៀង





