មន្ទីរសុខាភិបាលខេត្តកំពង់ធំ បន្តចុះអប់រំប្រជាពលរដ្ឋឱ្យរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម
AKP កំពង់ធំ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--មន្ទីរសុខាភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះផ្សព្វផ្សាយនិងអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍ស្តីពីវិធីសាស្ត្រទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមនៅភូមិស្រយ៉ូងត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋជាច្រើននាក់បានចូលរួម ខណៈដែលកន្លងមកនេះ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

លោកវេជ្ជបណ្ឌិត កែវ ដារី អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថាក្នុងអំឡុងពេលប្រមាណ២០ថ្ងៃនៃការផ្ទុះជំងឺគ្រុនឈាម មានអ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យមប្រមាណ៥០នាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ស្ថានភាពបានថយចុះបន្តិច ដោយមានអ្នកជំងឺមកសម្រាកព្យាបាលប្រមាណ៣០នាក់ក្នុងមួយថ្ងៃ។

លោកប្រធានបន្ទីរបានបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ធំមានករណីជំងឺគ្រុនឈាមចំនួន ១៨៥០ករណី ហើយគួរឱ្យសោកស្តាយមានអ្នកបាត់បង់ជីវិតដោយសារជំងឺនេះចំនួន៥នាក់។ ដើម្បីទប់ស្កាត់ការរីករាលដាលមន្ត្រីសុខាភិបាល និងក្រុមការងារកម្មវិធីគ្រុនឈាមបានបន្តចុះអប់រំផ្សព្វផ្សាយនៅតាមបណ្តាសហគមន៍នានា។ សម្រាប់សកម្មភាពនៅភូមិស្រយ៉ូវត្បូង ក្រុមការងារបានណែនាំប្រជាពលរដ្ឋអំពីវិធីបង្ការនិងកាត់ផ្តាច់ប្រភពកំណើតមូសខ្លា ព្រមទាំងចុះបាញ់ថ្នាំផ្សែងកម្ចាត់មូស ដាក់ថ្នាំអាបែតក្នុងពាង និងធុងស្តុកទឹក និងណែនាំឱ្យសម្អាតបរិវេណជុំវិញផ្ទះ ដោយមិនទុកឱ្យមានទឹកដក់នៅតាមវត្ថុផ្សេងៗ។
មន្ត្រីសុខាភិបាលបានគូសបញ្ជាក់ថា ការបាញ់ថ្នាំផ្សែងតែមួយមុខមិនអាចទប់ស្កាត់ជំងឺគ្រុនឈាមបានទាំងស្រុងនោះទេ។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្អាតបរិស្ថាន លុបបំបាត់ប្រភពទឹកដក់និងកាត់ផ្តាច់ប្រភពកំណើតដង្កូវទឹក គឺជាវិធានការដ៏សំខាន់ក្នុងការកាត់បន្ថយមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងបានជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាអនុវត្តន៍វិធានការបង្ការ ដោយថែរក្សាអនាម័យបរិស្ថានក្នុង និងជុំវិញលំនៅឋាន មិនទុកឱ្យមានកន្លែងដក់ទឹកនិងត្រួតពិនិត្យពាង ធុង ឬកន្លែងស្តុកទឹកជាប្រចាំ ដើម្បីកាត់ផ្តាច់ប្រភពកំណើតមូសខ្លា។

លោកវេជ្ជបណ្ឌិត កែវ ដារី បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ឱ្យបន្តសហការគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ជាពិសេសប្រសិនបើសមាជិកគ្រួសារមានអាការៈសង្ស័យ ត្រូវប្រញាប់នាំទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា។
លោកបានបញ្ជាក់ថា ការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម មិនមែនជាតួនាទីរបស់មន្ទីរសុខាភិបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវការចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូបដើម្បីរួមគ្នាកាត់បន្ថយការរីករាលដាលនៃជំងឺនិងការពារសុខភាពសហគមន៍៕
ដោយ ស៊ុម វណ្ណា





