អ្នកជាប់រំភើប ស្រែកហ៊ោកញ្ជ្រៀវ ហើយខ្លះទៀតបង្ហាញទឹកមុខស្រងូតស្រងាត់ជាមួយលទ្ធផលមិនសមប្រកប នាព្រឹកនេះ
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងពេលរង់ចាំនៃការប្រកាសលទ្ធផលប្រឡងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនោះ មួយចំនួនបាននាំគ្នា មកកាន់មណ្ឌលប្រឡង រៀងៗខ្លួន និង ខ្លះទៀតចាំអ៊ុតលទ្ធផលតាមផេកហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យលទ្ធផល។

បេក្ខជនដែលទទួលបានលទ្ធផលល្អពោលគឺជាប់ និង ពិសេសអ្នកទទួលបាន និទ្ទេស ខ្ពស់ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំងក្លា និងខ្លះទៀតបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត។

គួរបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំ២០២៦នេះសរុប មានចំនួន ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ចំពោះបេក្ខជនដែលជាប់និទ្ទេស A មានចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់ និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់៕

ដោយ មករា





