កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ដើម្បីកំណត់ និងប្រមូលធាតុចូលសំខាន់ៗ។

ឯកឧត្តម ស៊ីវ រុន បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធនិងតំណាងអង្កការសង្គមស៊ីវិលផងដែរ។

ក្នុងឱកាសនោះលោក ឈឹម វុទ្ធា អភិបាលរងខេត្ត បានឱ្យដឹងថារបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤។ ២.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤។ ៣.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៦។ ៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តប្រចាំខែកក្កដា ឆ្នាំ២០២៦។ ៥.ទប់ស្កាត់តាមដាន ឆបោកតាមប្រព័ន្ធ Online Scams។ ៦.បញ្ហាផ្សេងៗ ។
ទន្ទឹមនឹងនេះឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងៗទៀតត្រូវសហការគ្នា ត្រូវធ្វើអនាម័យឲ្យបានស្អាតតាមទីធ្លាសាធារណៈ និងទីតាំងអង្គភាពបំពេញការងារត្រូវវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ត្រូវតាមដានឲ្យបានជាប់ជាប្រចាំអំពីស្ថានភាពកម្ពស់ទឹក ចៀសវាងមានគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងឬទឹកទន្លេដែលកំពង់ហក់ឡើងបណ្ដើរៗ និងមានប្រជាពលរដ្ឋរងគ្រោះជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺគ្រុនឈាម ត្រូវពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវតាមដាន និងចាត់វិធានការឲ្យបានជាបន្ទាន់ ក្នុងករណីឃើញថាមានទីតាំង ប្រព្រឹត្តបទល្មើស Online Scams៕
ដោយ៖ បៃ ស៊ីថុន





