ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យ ប្រទេសប៉ាគីស្ថានកើនឡើងដល់ ១៩នាក់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ -- យោងតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យនៅក្នុងស្រុកស្វាត ភាគពាយ័ព្យនៃខេត្តឃីបឺប៉ាក់ទុនខ្វាប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១៩នាក់។
អ្នកនាំពាក្យប៉ូលីសស្រុកស្វាត លោក ណាសឺ អ៊ីកបាល់ ការីមី (Nasir Iqbal Karimi) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកនៅច្រកទ្វារធំនៃស្ថានីយ៍ប៉ូលីសមួយបន្ទាប់ពីត្រូវបានប៉ូលីសស្ទាក់ចាប់បាន ដោយបានសម្លាប់មនុស្ស ១៥នាក់ រួមទាំងមន្ដ្រីប៉ូលីស ខណៈដែលមនុស្សជាង ២០នាក់ផ្សេងទៀតបានរងរបួស។
មន្ត្រីរូបនោះបាននិយាយថា «ជនរងគ្រោះ ៤នាក់ទៀតបានស្លាប់ដោយសាររបួសរបស់ពួកគេធ្ងន់ធ្ងរក្នុងអំឡុងពេលព្យាបាលកាលពីថ្ងៃចន្ទដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៩ នាក់» ដោយមន្ត្រីរូបនោះបានបន្ថែមថា អ្នករងរបួសដែលនៅសេសសល់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យផ្សេងៗនៅក្នុងស្រុក ហើយការស៊ើបអង្កេតលើការបំផ្ទុះគ្រាប់បែកដ៏សាហាវនេះកំពុងដំណើរការ។
ក្រុមសកម្មប្រយុទ្ធ Tehreek-i-Taliban Pakistan បានអះអាងពីការវាយប្រហារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាហ្ស សារីហ្វ (Shehbaz Sharif) បានដឹកនាំអាជ្ញាធរពាក់ព័ន្ធឱ្យធានានូវការផ្តល់មណ្ឌលសុខភាពដ៏ល្អបំផុតដល់អ្នករងរបួស។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលក្នុងការបន្តការប្រយុទ្ធរហូតដល់វាលុបបំបាត់អំពើភេរវកម្មចេញពីប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





