ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត នៅឃុំទ្រៀល ស្រុកតាំងគោក ទទួលបានផ្ទះថ្មី អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
AKP កំពង់ធំ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦---ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំតំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំអមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូល និធិជាតិជំនួយសង្គមខេត្ត អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ និងលោក សៀ ឡុងធារ៉ា អភិបាលរងស្រុកតាំងគោកខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅប្រគល់ផ្ទះថ្មី០១ខ្នង ដែលជាខ្នងទី២៤ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនសោធននិវត្តន៍ ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យនៅភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ប៊ុត ចាន់ធី បានបញ្ជាក់ថា លោកមានអាយុ ៦៣ឆ្នាំ មានឋានន្តរសក្ដិ ព្រិន្ទបាលឯក លោកបានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងវរសេនាតូចលេខ១ចាស់ ដែលបច្ចុប្បន្នប្ដូរឈ្មោះមកជាកងវរសេនាតូចលេខ៤៤៨ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនសោធននិវត្តន៍នៅឆ្នាំ២០០១។ លោកមានភរិយាឈ្មោះ សេន ស៊ីម៉ន អាយុ ៥២ឆ្នាំ បច្ចុប្បន្នលោកមានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៣នាក់ នៅក្នុងបន្ទុក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាផ្ទះថ្មី ដែលទើបសាងសង់រួចនេះមានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមាន បង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ កន្លងទៅនេះ នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២៤ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការ សាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក សៀ ឡុងធារ៉ា ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង និងថវិកាមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោក ប៊ុត ចាន់ធី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មី នៅពេលនេះផងដែរ។

លោក ប៊ុត ចាន់ធី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នងនិងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួន សម្រាប់ឡើងផ្ទះថ្មី ជូនដល់គាត់នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





