មូលនិធិ SDF បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ក្នុងនាមជាស្ថាប័នដែលលើកកម្ពស់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញមូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ខ្លួនផងដែរ។ ប្រភពពីមូលនិធិអភិវឌ្ឍន៍ជំនាញ SDF បានឱ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងសមត្ថភាពដឹកនាំរបស់បុគ្គលិក SDF បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការដឹកនាំដោយធ្វើជាគំរូ” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅទីស្នាក់ការ SDF។ វគ្គសិក្សានេះផ្តោតលើការកសាងវិន័យផ្ទាល់ខ្លួន ការតាំងចិត្តខ្ពស់ និងត្រួសត្រាយផ្លូវសម្រាប់បុគ្គលិកឱ្យក្លាយជាអ្នកដឹកនាំឆ្នើម។

លោក Evan Ngow គ្រូបណ្តុះបណ្តាលជាន់ខ្ពស់ និងជាអ្នកជំនាញផ្នែកយុទ្ធសាស្ត្រ បានលើកឡើងថា អ្នកដឹកនាំល្អមួយរូប គឺជាបុគ្គលដែលដឹកនាំដោយធ្វើជាគំរូល្អ មានគោលដៅច្បាស់ និងអាចជំរុញបុគ្គលិកផ្សេងៗទៀតឱ្យឈានឆ្ពោះទៅរកគោលដៅរួម។
ក្នុងវគ្គបណ្តុះបណ្តាលមានខ្លឹមសារសំខាន់ៗចំនួនបួន៖ ទី១. ការយល់ដឹងអំពីរបៀបដឹកនាំ តាមរយៈលក្ខណៈសត្វ៤យ៉ាងគឺ សត្វតោ កញ្ជ្រោង ស្វា និងសុនក ដែលបង្ហាញពីសារៈសំខាន់នៃភាពបត់បែន ក្នុងការដឹកនាំ ឬប្រាស្រ័យទាក់ទងជាមួយបុគ្គលផ្សេងៗគ្នា។ ទី២. ថ្នាក់ដឹកនាំ ត្រូវផ្តោតលើការដឹកនាំដោយធ្វើជាគំរូល្អ បង្កើតចក្ខុវិស័យរួម ផ្តល់អំណាចក្នុងការសម្រេចចិត្តដល់ក្រុមការងារ លើកកម្ពស់គំនិតច្នៃប្រឌិត និងពង្រឹងស្មារតីសាមគ្គីភាពក្នុងក្រុម។ ទី៣. បុគ្គលិកគួរស្វែងយល់ពីសក្តានុពលរបស់ខ្លួន របៀបគ្រប់គ្រងពេលវេលា និងធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់ ចេះប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ និង ការចេះវាយតម្លៃលើលទ្ធផលការងាររបស់ខ្លួន និងទី៤. កសាងវប្បធម៌ការងារដ៏រឹងមាំសម្រាប់ស្ថាប័ន ដោយចាប់ផ្តើមពីបុគ្គលិកម្នាក់ៗ និងការយល់យ៉ាងច្បាស់អំពីហេតុផល ដើម្បីជំរុញការផ្លាស់ប្តូរដ៏ល្អមួយ។

មូលនិធិ SDF ជឿជាក់ថា ធនធានមនុស្សកើតឡើងតាមរយៈ ការបន្តការសិក្សារៀនសូត្រ និងប្រកាន់ភ្ជាប់នូវវិន័យល្អ។ តាមរយៈការបណ្តុះបណ្ដាលបុគ្គលិកឱ្យមានសមត្ថភាពដឹកនាំប្រកបដោយប្រសិទ្ធភាព SDF បន្តកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំមួយ ដើម្បីជំរុញភាពជោគជ័យរបស់ស្ថាប័នប្រកបដោយភាពធន់៕

ដោយ ណយ នឿន (ប្រភព៖ SDF)





