សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ «មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក» ដើម្បីពង្រីកឱកាសអប់រំក្រៅប្រព័ន្ធ និងចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋគ្រប់វ័យនៅតំបន់ព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការក្រេបជញ្ជក់ចំណេះដឹង និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃូ ពៅ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក ហង្ស ច័ន្ទសុវណ្ណ អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោក ស្រី សាកាន ប្រធានអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) ដែលជាម្ចាស់ជំនួយ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក ស្រី សាកាន ប្រធានអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការលេចចេញជារូបរាងឡើងនូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួកនាពេលនេះ។ លោកបានបញ្ជាក់ថា អង្គការ KnK តែងតែផ្តល់អាទិភាពខ្ពស់លើការគាំទ្រវិស័យអប់រំ ជាពិសេសការបង្កើតឱកាសសិក្សាស្មើៗគ្នាសម្រាប់កុមារ និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន។ លោកសង្ឃឹមយ៉ាងមុតមាំថា មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ មិនត្រឹមតែចំណេះដឹងទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងផ្តល់នូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈខ្លីៗ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនៅក្នុងមូលដ្ឋាន។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោក ហង្ស ច័ន្ទសុវណ្ណ អនុប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន បានលើកឡើងពីសារៈសំខាន់មិនអាចខ្វះបាននៃការសិក្សាពេញមួយជីវិត។ លោកបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែជំរុញ និងបើកទូលាយនូវប្រព័ន្ធអប់រំក្រៅប្រព័ន្ធ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះបីជាខកខាន ឬបោះបង់ការសិក្សានៅសាលាចំណេះទូទៅ ក៏នៅតែមានឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងបានដែរ។ លោកបានកោតសរសើរចំពោះអង្គការ KnK International និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានសហការគ្នាយ៉ាងស្អិតរមួត បង្កើតសមិទ្ធផលនេះឡើង ដែលវាស្របតាមគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនោះ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការកុមារឥតព្រំដែនអន្តរជាតិ (KnK International) ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានូវអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ដល់រដ្ឋបាលស្រុកថ្មពួក។ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថាសមិទ្ធផលនាថ្ងៃនេះ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងខេត្តបន្ទាយមានជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងជួយកាត់បន្ថយគម្លាតចំណេះដឹង និងផ្តល់ការអប់រំប្រកបដោយបរិយាបន្នដល់បងប្អូនប្រជាពលរដ្ឋយើង។

ទន្ទឹមនោះដែរ លោក ឃូ ពៅ ក៏បានអំពាវនាវដល់រដ្ឋបាលស្រុកថ្មពួក មន្ទីរ-ការិយាល័យអប់រំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាលើកកម្ពស់ ការពារ និងថែរក្សាអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ឱ្យបានគង់វង្សយូរអង្វែង និងត្រូវរៀបចំកម្មវិធីសិក្សា ព្រមទាំងការបណ្តុះបណ្តាលឱ្យមានសកម្មភាពរស់រវើក ធានាឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមរបស់សហគមន៍ទាំងមូល។
ជាទីបញ្ចប់ គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតថ្មពួកជាផ្លូវការ និងបានដើរទស្សនាអគារសិក្សា ក៏ដូចជាសម្ភារឧបទេសផ្សេងៗ ដែលបំពាក់នៅក្នុងមជ្ឈមណ្ឌល ក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕

ដោយឈុនសារ៉ាត





