ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងតួនាទី/ភារកិច្ច និងវឌ្ឍនភាពការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦--នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងតួនាទី/ភារកិច្ច និងវឌ្ឍនភាពការងារ របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថកំពង់ធំនៅសាលប្រជុំកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងទទួលការងារនគរបាលយុត្តិធម៌ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យនិងជំនួយការនៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ទទួលការងារនគរបាលយុត្តិធម៌ផងដែរ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានជំរុញដល់លោកមេបញ្ជាការរងទទួលការងារជំនាញ ប្រធានមន្ទីរអង្គភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង៩ ដែលទទួលការងារជំនាញត្រូវយកចិត្តទុក្ខដាក់ខ្ពស់លើការងារជំនាញស្រាវជ្រាវ និងបង្រាបបទល្មើសបន្តស្រាវជ្រាវនិងបង្រាបបទល្មើសដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបន្តទៀតថា រាល់ការចុះបង្ការ និងបង្ក្រាបបទល្មើសត្រូវតាមសភាពការណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អប្រសើរ ជាពិសេសបទល្មើសអនឡាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីដំណើរចុះស៊ើបអង្កេត និងបង្រាបបទល្មើសប្រកបដោយប្រសិទ្ធភាពខ្ពស់និងជោគជ័យ៕

ដោយ ស៊ុម វណ្ណា





