រថយន្តដឹកជញ្ជូនទំនិញធំៗនឹងផ្អាកធ្វើចរាចរណ៍៣ថ្ងៃអំឡុងភ្ជុំបិណ្ឌ
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦---
តាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រថយន្តធុនធំគ្រប់ប្រភេទត្រូវផ្អាកការធ្វើចរាចរណ៍នៅមុនថ្ងៃភ្ជុំ១ថ្ងៃ ថ្ងៃភ្ជុំ និងក្រោយភ្ជុំ១ថ្ងៃ ដែលសរុបការផ្អាកចរាចរណ៍មានចំនួន៣ថ្ងៃ គឺថ្ងៃទី១០ ១១ និងទី១២ ខែតុលានេះ។
តាមរយៈការណែនាំនេះប្រមុខក្រសួងមហាផ្ទៃក៏បានជំរុញអាជ្ញាធរមូលដ្ឋាន និងមន្រ្តីនគរបាលចរាចរណ៍ឱ្យយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់មានផ្លូវប្រសព្វ និងស្ពានធំៗ ហើយអ្នកដំណើរទាំងអស់ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្រ្តីនគរបាលចរាចរណ៍។
នេះតាមការលើកឡើងរបស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕

ដោយ៖ ចាន់ សុភឿន ,ប្រភព៖ ក្រសួងមហាផ្ទៃ





