មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិ
AKP កំពង់ធំ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិ ស្ដីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់ កងយោធពលខេមរភូមិន្ទនិងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនាយការិយាល័យ ស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួននៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ បានឡើងអាន និងបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួននៃសេចក្តីណែនាំលេខ ០០៣ /២០២០ របស់ក្រសួងការពារជាតិ។ ជាមួយគ្នានោះ សមាជិកអង្គប្រជុំបានឡើងពិភាក្សា និងបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការអនុវត្តតាមសេចក្តីណែនាំ លេខ០០៣ /២០២០ របស់ក្រសួងការពារជាតិ ដែលយោធិនគ្រប់រូប អនុវត្តទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រនិងច្បាប់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគូសបញ្ជាក់បន្ថែមអំពីចំណុចខ្លាំង ចំណុចខ្វះខាត របស់យោធិនក្នុងការអនុវត្តតាមសេចក្តីណែនាំលេខ ០០៣ /២០២០ នាពេលកន្លងទៅ និងបានជំរុញឱ្យថ្នាក់ដឹកនាំការិយាល័យ ស្ថាប័នជំនាញ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ត្រូវធ្វើការត្រួតពិនិត្យឱ្យបានម៉ត់ចត់ក្នុងការអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមផ្សព្វផ្សាយ និងរៀនសូត្រ ព្រមទាំងចូលរួមគោរពប្រតិបត្តិយ៉ាងមុឺងម៉ាត់និងជាប្រចាំតាមសេចក្តីណែនាំលេខ០០៣/២០២០ របស់ក្រសួងការពារជាតិ ស្ដីពីវិធានការពង្រឹង អនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់ កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ នាពេលកន្លងទៅ បានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយការិយាល័យស្ថាប័នចំណុះ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព ត្រូវបន្តផ្សព្វផ្សាយអប់រំរៀនសូត្រសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិឱ្យបានជាប់ជាប្រចាំ ពិសេសយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានរៀងរាល់សប្តាហ៍ ក្រោយពេលពិធីគោរពទង់ជាតិរួច។ ជាមួយនេះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់មេបញ្ជាការ និងនាយការិយាល័យស្ថាប័នទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំង និងសតិអារម្មណ៍យោធិនគ្រប់រូបឱ្យបានច្បាស់លាស់ ហាមដាច់ខាតមិនត្រូវប្រព្រឹត្តអ្វីដែលជាអំពើខុសឆ្គងដែលមានចែងហាមឃាត់ក្នុងសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ជាដាច់ខាត៕
ដោយ ស៊ុម វណ្ណា





