មន្រ្តីនគរបាលចរាចរណ៍ចំនួន៣នាក់ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- មន្រ្តីនគរបាលចរាចរណ៍ចំនួន៣នាក់ដែលបានប្រព្រឹត្តធ្ងន់ធ្ងរនៃបទល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ មន្ត្រីនគរបាលចរាចរណ៍៣នាក់នេះឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាអតីតមន្រ្តីនគរបាលចរាចរណ៍ដែលត្រូវបាន បណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា មានឈ្មោះដូចជា៖ ១- អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣០៦៩ នាយរងផ្នែក ២- អនុសេនីយ៍ឯក ម៉ន សារ៉ន អត្តលេខ ១៦១០៣ មន្ត្រី ៣- អនុសេនីយ៍ឯក ឈន តុលា អត្តលេខ ៨២១៨៨ មន្ត្រី។
ក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងដែរថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ។
ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការអនុវត្តវិន័យបានទទួលប្រសិទ្ធភាពនោះ ជាក់ស្តែងកន្លងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ ការអប់រំ និងធ្វើកិច្ចសន្យា ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ការចេញលិខិតព្រមានលើកទី១ ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ៕


ដោយ៖ មករា





