ម៉ាឡេស៊ីរឹតបន្តឹងការគ្រប់គ្រងការនាំចូលលើផលិតផលអាហារសមុទ្រច្រើនប្រភេទពីប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងកសិកម្ម និងសន្តិសុខស្បៀងអាហារម៉ាឡេស៊ី (MAFS) បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងរឹតបន្តឹងការគ្រប់គ្រងការនាំចូលួទៅលើប្រភេទអាហារសមុទ្រជាច្រើនប្រភេទពីប្រទេសថៃ។
ក្រសួង MAFS អនុវត្តតម្រូវការសម្រាប់វិញ្ញាបនបត្រវិភាគ (CoA) សម្រាប់ប្រភេទត្រីស៊ីអាកាប (siakap)។
ការរឹតបន្តឹងជាបណ្តោះអាសន្ននេះពាក់ព័ន្ធនឹងប្រភេទបង្គាខ្លាពណ៌ត្នោត បង្គាចេក បង្គាជើងស បង្គាខ្លាយក្ស និងបង្គាខៀវ។
ក្រសួងបាននិយាយថា ការរឹតបន្តឹងទៅលើប្រភេទបង្គាទាំងនេះនឹងនៅតែមានសុពលភាពរហូតដល់អាជ្ញាធរថៃដាក់ស្នើចម្លើយផ្លូវការពេញលេញចំពោះសំណួរដែលដាក់ចេញដោយប្រទេសម៉ាឡេស៊ី ហើយត្រូវទទួលរងការវាយតម្លៃបន្ថែមទៀតដោយអាជ្ញាធរម៉ាឡេស៊ីដោយផ្អែកលើការឆ្លើយតប។
ក្រសួងបានបន្ថែមថា វិធានការនេះមានគោលបំណងពង្រឹងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារជាតិ ជាពិសេសដើម្បីធានាថា ត្រីស៊ីអាកាប និងបង្គាដែលចូលទៅក្នុងទីផ្សារក្នុងស្រុកគោរពតាមស្តង់ដារសុវត្ថិភាពនិងគុណភាពដែលត្រូវបានបង្កើតឡើង។
ក្រសួងបាននិយាយថា វិធានការត្រួតពិនិត្យការនាំចូលនឹងត្រូវបានអនុវត្តក្នុងលក្ខណៈរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីសុវត្ថិភាព និងគុណភាពចំណីអាហារក្រោមក្រសួងសុខាភិបាល នាយកដ្ឋានសេវាចត្តាឡីស័ក និងត្រួតពិនិត្យម៉ាឡេស៊ី (MAQIS) និងទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនម៉ាឡេស៊ី (MCBA) នៅគ្រប់ច្រកចូលទាំងអស់ទូទាំងប្រទេស៕





