ឥណ្ឌូណេស៊ីចង់សាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅកោះបាលី
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីកំពុងជំរុញផែនការដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស KEK Kura Kura Bali (SEZ) ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិថ្មីមួយនៅអាស៊ី ដោយមានគោលបំណងពង្រឹងជំហររបស់ខ្លួននៅក្នុងលំហូរមូលធនសកលលោក និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនលើសពីវិស័យជាប្រពៃណី។
យោងតាមអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញ បានឱ្យដឹងថាគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីទាញយកអត្ថប្រយោជន៍ពីតួនាទីរបស់ខ្លួនជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីទាក់ទាញការវិនិយោគ និងសេវាកម្មហិរញ្ញវត្ថុអន្តរជាតិ។
តំបន់សេដ្ឋកិច្ចពិសេស KEK Kura Kura Bali ត្រូវបានគេរំពឹងថានឹងបម្រើជាវេទិកាសម្រាប់សកម្មភាពហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ រួមទាំងហិរញ្ញវត្ថុប្រកបដោយចីរភាព ហិរញ្ញវត្ថុឌីជីថល និងការគ្រប់គ្រងការវិនិយោគ។
លោកបណ្ឌិត ឡាក់គី អាកបារ (Lucky Akbar) មកពីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានកត់សម្គាល់ថា ប្រទេសនេះមានទាំងសក្តានុពល និងផែនទីបង្ហាញផ្លូវច្បាស់លាស់ ដើម្បីសម្រេចមហិច្ឆតានេះ។ លោកបានសង្កត់ធ្ងន់ថា កោះបាលីផ្តល់នូវគុណសម្បត្តិជាយុទ្ធសាស្ត្រ រួមទាំងកេរ្តិ៍ឈ្មោះនៅលើសកលលោករបស់ខ្លួនជាគោលដៅទេសចរណ៍ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដែលកំពុងកើនឡើង ដែលអាចជួយទាក់ទាញវិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
គម្រោងនេះត្រូវបានរចនាឡើងដើម្បីដំណើរការក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិដែលអាចបត់បែនបាន និងប្រកួតប្រជែងជាងមុន ជាមួយនឹងការលើកទឹកចិត្តដើម្បីទាក់ទាញមូលធនសកល និងលើកទឹកចិត្តដល់ការបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុ។ អាជ្ញាធរក៏កំពុងធ្វើការដើម្បីធានាបាននូវតម្លាភាព ភាពប្រាកដប្រជាផ្នែកច្បាប់ និងការអនុលោមតាមស្តង់ដារអន្តរជាតិ ដែលជាកត្តាសំខាន់ៗសម្រាប់កសាងទំនុកចិត្តរបស់វិនិយោគិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





