ប្រាសាទព្រះខ័នទទួលភ្ញៀវទេសចរទាំងជាតិ និងបរទេសច្រើន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ
AKP សៀមរាប ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦-- ប្រាសាទព្រះខ័ន ស្ថិតនៅក្នុងតំបន់អង្គរ ខេត្តសៀមរាបគឺជាប្រាសាទបុរាណខ្មែរដ៏សំខាន់មួយ ដែលតែងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសក្នុងអំឡុងពេលបុណ្យទានប្រពៃណីជាតិ ដូចជាពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ ចាប់តាំងថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានភ្ញៀវទេសចរយ៉ាងច្រើនទស្សនាប្រាសាទដ៏ល្អឯក និងប្រកបដោយអច្ឆរិយៈបំផុតមួយនេះ។

លោក ធំ ថា បុគ្គលិកត្រួតពិនិត្យបណ្ណនៃគ្រឹះស្ថានអង្គរមួយរូបប្រចាំនៅប្រាសាទព្រះខ័នបានបញ្ជាក់ប្រាប់AKPថា ប្រាសាទព្រះខ័នស្ថិតនៅក្នុងចំណោមប្រាសាទផ្សេងៗទៀតនៅតំបន់អង្គរដែលទទួលនិយមចូលទស្សនាពីសំណាក់ភ្ញៀវទេសចរ។ ជារៀងរាល់ថ្ងៃមិនថាជាថ្ងៃបុណ្យទាន សៅរ៍-អាទិត្យ ឬថ្ងៃផ្សេងៗទៀត តែងតែមានភ្ញៀវទេសចរចូលកម្សាន្ត។ បើគិតជាចំនួនភ្ញៀវទេសចរចូលកម្សាន្តប្រាសាទព្រះខ័នមានប្រមាណជាង១ពាន់នាក់ តែបើខុសថ្ងៃបុណ្យទាន ឬសៅរ៍-អាទិត្យ ថ្ងៃខ្លះមិនដល់មួយពាន់នាក់ដែរទេ។ សម្រាប់នាពេលនេះមានភ្ញៀវទេសចរបរទេសកាន់តែច្រើនបានមកទស្សនា។

លោក ចាន់ សុជាតិ ដែលកំពុងសំដៅចូលទស្សនាប្រាសាទព្រះខ័ន និងកំពុងឈរមើលឆ្លាកណែនាំពីប្រាសាទព្រះខ័នបានប្រាប់ថាលោកបានមកដើរកម្សាន្តប្រាសាទអង្គរវត្តជាញឹកញាប់ណាស់ តែមិនចេះនឿយណាយឡើយ។ លោកមកហើយមកទៀតគឺជក់នឹងទស្សនាប្រាសាទ។ ក្រៅពីមើលប្រាសាទនានាដ៏អច្ឆរិយៈរបស់ដូនតាខ្មែរ លោកក៏ចង់មកភ្លក្សអាហារដ៏ឆ្ងាញ់ពិសារនៅលើទឹកដីទេសចរណ៍ដ៏ល្បីល្បាញលើឆាកអន្តរជាតិនេះដែរ។

បុរសរស់នៅខេត្តកំពង់ចាមរូបនេះបានប្រាប់ដែរថា ពិធីភ្ជុំបិណ្ឌឆ្នាំនេះលោកដើរកម្សាន្តជាមួយក្រុមគ្រួសារសប្បាយរីករាយណាស់ដោយសារតែសម្បូរមនុស្សមកកម្សាន្តនៅទឹកដីអង្គរ។ លោកសប្បាយចិត្តពេលឃើញភ្ញៀវបរទេសចូលកម្សាន្តប្រាសាទបុរាណខ្មែរ។
យុវតី សុជាតា មកពីរាជធានីភ្នំពេញ ដែលកំពុងដើរចូលទស្សនាប្រាសាទព្រះខ័ន ជាមួយសាច់ញាតិបងប្អូន បានបង្ហាញក្តីរំភើប និងកោតក្រែងប្រាសាទដ៏អស្ចារ្យរបស់ដូនតាខ្មែរ។ មកកម្សាន្តលើកដំបូងលើទឹកដីអង្គរ យុវតីរូបនេះបានជឿជាក់ថាស្នាដៃដ៏អស្ចារ្យរបស់ដូនតាខ្មែរគឺនឹងមានភ្ញៀវចូលទស្សនាមិនចេះនឿយណាយសោះឡើយ។ តម្លៃវប្បធម៌នេះនឹងស្ថិតនៅអមតៈជាមួយកូនចៅរបស់កូនខ្មែរ។

បង្ហាញក្តីរំភើបយ៉ាងខ្លីជាមួយសារព័ត៌មាន AKP ដែលកំពុងជក់ចិត្តជាមួយមគ្គុទេសក៍កំពុងរៀបរាប់ប្រាប់នៅក្នុងប្រសាទព្រះខ័ន អ្នកស្រី បាតស្យុង ជនជាតិដានណឺម៉ាក បានបញ្ជាក់ប្រាប់ដែរថា អ្នកស្រីមកប្រទេសកម្ពុជាលើកដំបូងឃើញថា ប្រាសាទអង្គរវត្តពិតជាអស្ចារ្យណាស់ ហើយអ្វីដែលអ្នកស្រីធ្លាប់អាន ធ្លាប់មើលរូបភាពគឺមិនស្មើនឹងបានមកមើលជាក់ស្តែងដូចពេលនេះឡើយ។ ប្រាសាទនីមួយៗពិតជាអស្ចារ្យ និងគួរឱ្យស្ញប់ស្ញែងរកស្មានមិនត្រូវពីមុនមក។

ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប។ ឈ្មោះនៃប្រាសាទនេះមានន័យថា “ដាវ”។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា “ជ័យស្រី” មានន័យថា“ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា “ម្លូ”។ ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី១២ ក្នុងគ.ស១១៩១ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទព្រះខ័នមានរាង៤ជ្រុងទ្រវែង បណ្ដោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ ដែលមានស្រះបោក្ខរណី (គូទឹក) ទ័ពជុំវិញ ស្ថិតនៅលើផ្ទៃដីចំនួន៥៦ហិកតា។ ប្រាសាទនេះមានកំពែងបួនជាន់ មានគោបុរៈចូលប្រាសាទតាមទិសទាំងបួន ប្រកបដោយបង្កាន់ដៃអសុរ និងទេពតាទាញព្រ័ត្រ (តំណាងឱ្យការកូរសមុទ្រទឹកដោះ) និងមានបង្គោលសីមាពីរជួរអមផ្លូវចូលផង។ គោបុរៈនៃកំពែងខាងក្រៅទាំងអស់ សុទ្ធតែមានទ្វារបី ដោយទ្វារនីមួយៗមានកំពូលខ្ពស់ប្រដាប់ដោយត្របកផ្កាឈូក។ នៅសងខាងគោបុរៈខាងក្រៅមានចម្លាក់គ្រុឌជាន់នាគឆ្លាក់ភ្ជាប់នៅជញ្ជាំងកំពែង។ ក្រៅពីនេះចំពោះ «រូបគ្រុឌដែលព្រះអង្គបង្ហាញនៅកំពែងប្រាសាទព្រះខ័ន ក៏តំណាងឱ្យភាពខ្លាំង និងរឹងមាំ ក្រោយវាយឈ្នះទ័ពចាម។ ប្រាសាទព្រះខ័នមានប្លង់រាងចតុកោណកែង ដែលមានបណ្ដោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ។ ប្រាសាទនេះ មានកំពែង៤ជាន់ និងមានគោបុរៈ (ខ្លោងទ្វារ) ប្រាសាទតាមទិសទាំង៤។ នៅសងខាងគោបុរៈទាំង៤ មានរូបចម្លាក់ «គ្រុឌ» ជាន់នាគ ដែលត្រូវបានឆ្លាក់ជាប់កំពែងប្រាសាទ៕
ដោយ៖ មករា





