ប្រតិភូព្រឹទ្ធសភាកម្ពុជាសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិតដោយតំណាងសភាថៃ ក្នុងមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ នៅប្រទេសតង់សានី
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភាចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងអារូសា ប្រទេសតង់សានី កាលពីថ្ងៃទី៣ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។

សូមជម្រាបជូនថា សម្រាប់មហាសន្និបាតលើកទី១៥៣ នៃសហភាពអន្តរសភា (IPU)នេះ អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការសោកស្តាយចំពោះការលើកឡើងដែលមានលក្ខណៈបំភាន់ និងមិនត្រឹមត្រូវតាមការពិត ដែលធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយតំណាងសភាថៃ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ អ្នកនាំពាក្យយល់ឃើញថា ចាំបាច់ត្រូវបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះការលើកឡើងរបស់ប្រតិភូថៃ ដូចតទៅ៖ ចំណុចទី១៖ ការលើកឡើងរបស់កម្ពុជាគឺផ្អែកលើគោលការណ៍សំខាន់ៗនៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមាន សមភាពអធិបតេយ្យរវាងរដ្ឋ (មាត្រា ២ កថាខណ្ឌទី១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង (មាត្រា ២ កថាខណ្ឌទី៤) និងកាតព្វកិច្ចដោះស្រាយវិវាទដោយសន្តិវិធី (មាត្រា ៣៣)។ ការថ្លែងការណ៍របស់កម្ពុជានៅលើឆាកអន្តរជាតិមិនមែនជាការវាយប្រហារនោះទេ ប៉ុន្តែជាការអនុវត្តសិទ្ធិអធិបតេយ្យដោយស្របច្បាប់ ដើម្បីបញ្ជាក់ការពិត និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។ ការចាត់ទុកសេចក្តីថ្លែងការណ៍របស់កម្ពុជាថា “មានលក្ខណៈលំអៀង» ឬ «បំភ្លៃការពិត» គឺជាការមិនអើពើចំពោះការពិតនៅលើទីកន្លែងជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន។ ចាប់តាំងពីអំពើឈ្លានពានក្នុងឆ្នាំ២០២៥កន្លងមក ផ្នែកមួយចំនួននៃទឹកដីអធិបតេយ្យរបស់កម្ពុជានៅតែស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ព្រមទាំងរបាំងផ្សេងៗនៅក្នុងតំបន់ទាំងនោះ ដែលរារាំងជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់ ដែលបានភៀសខ្លួនមិនអាចវិលត្រឡប់ទៅកាន់ភូមិកំណើតវិញ។ សកម្មភាពទាំងនេះគឺជាការរំលោភលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងកិច្ចព្រមព្រៀងទ្វេភាគីថ្មីៗ រួមមាន សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឆ្នាំ២០២៥ ក្របខ័ណ្ឌការងាររបស់គណៈកម្មការចម្រុះព្រំដែន (JBC) និងសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។ ការលើកឡើងអំពីស្ថានភាពជាក់ស្តែងទាំងនេះ គឺជាការការពារសន្តិភាព និងយុត្តិធម៌ មិនមែនជាការបំភ្លៃការពិតនោះទេ។
ចំណុចទី២៖ កម្ពុជាបានគាំទ្រជានិច្ចការសន្ទនាទ្វេភាគី និងការដោះស្រាយវិវាទដោយសន្តិវិធី។ ទោះជាយ៉ាងណាក៏ដោយ ការសន្ទនាបែបនេះត្រូវធ្វើឡើងដោយសុច្ឆន្ទៈ និងមិនត្រូវរារាំងដល់ការប្រើប្រាស់យន្តការអន្តរជាតិស្របច្បាប់ក្នុងករណីដែលពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានកាតព្វកិច្ចគតិយុត្ត ឬកាតព្វកិច្ចនានាក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនោះឡើយ។ ក្នុងន័យនេះ ទោះបីកម្ពុជាបានស្នើសុំតាមមធ្យោបាយការទូតឱ្យបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរួមគ្នាក៏ដោយ ការពន្យារពេលម្តងហើយម្តងទៀតនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) បានបង្កឱ្យមានការព្រួយបារម្ភអំពីឆន្ទៈពិតប្រាកដក្នុងការជំរុញដំណើរការទ្វេភាគីឱ្យមានវឌ្ឍនភាពទៅមុខ។ ការសន្ទនាទ្វេភាគី និងយន្តការអន្តរជាតិមិនមែនជាយន្តការដែលញែកដាច់ពីគ្នានោះទេ។ ផ្ទុយទៅវិញយន្តការទាំងពីរគួរតែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវដំណោះស្រាយមួយប្រកបដោយសន្តិវិធី ស្របតាមច្បាប់ និងមានចីរភាព។ កម្ពុជាបានបង្ហាញជានិច្ចនូវសុច្ឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ដំណើរការ ស្វែងរកការពិតដោយអព្យាក្រឹត្យ និងផ្អែកលើភស្តុតាង ចំពោះបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន រួមទាំង បញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលឯករាជ្យ ក្នុងការចងក្រងឯកសារស្តីពីការពិត និងផលវិបាកផ្នែកមនុស្សធម៌ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ ដែលគួរឱ្យទុកចិត្ត រួមទាំងរបាយការណ៍ការត្រួតពិនិត្យគ្រាប់បែកចង្កោម ២០២៦ (Cluster Munition Monitor 2026) ផងដែរ។
ចំណុចទី៣៖ សុន្ទរកថារបស់ឯកឧត្តមប្រធានគណៈប្រតិភូកម្ពុជាមិនដែលបានអះអាងថា ការបញ្ចប់អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ មានន័យថា ត្រូវបោះបង់ចោលការដោះស្រាយវិវាទ ដោយសន្តិវិធីដោយស្វ័យប្រវត្តិនោះទេ។ ការបកស្រាយបែបនេះគឺមិនត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ ការបញ្ចប់អនុស្សរណៈនេះបានធ្វើឱ្យបាត់បង់ក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ដោះស្រាយវិវាទដែនសមុទ្រ ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ភាពច្បាស់លាស់ ភាពអាចប៉ាន់ប្រមាណបាននៃដំណើរការដោះស្រាយវិវាទ ការជឿទុកចិត្តគ្នាទៅវិញ ទៅមក និងទំនុកចិត្តលើការប្តេជ្ញាចិត្តទ្វេភាគី។ កម្ពុជាបន្តខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ដំណើរការនេះដែលកំពុងប្រព្រឹត្តទៅបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការទប់ស្កាត់ការកើនឡើងនៃភាពតានតឹង និងការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង។
ចំណុចទី៤៖ សន្តិភាព និងវិបុលភាព គឺជាសេចក្តីប្រាថ្នាដ៏មុតមាំ និងជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការថែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។ ការសម្រេចបាននូវគោលដៅទាំងនេះ មិនអាចពឹងផ្អែកត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែតម្រូវឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការអនុលោមតាមច្បាប់អន្តរជាតិ និងការបំពេញការប្តេជ្ញាចិត្តដោយសុច្ឆន្ទៈ៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





