អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ គ្មានសញ្ញាណាមួយពីទីក្រុងគៀវទាក់ទងនឹងកិច្ចចរចាជុំថ្មីទេ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក មីឃែល ហ្គាលូហ្សីន (Mikhail Galuzin) បាននិយាយថា ទីក្រុងមូស្គូមិនទាន់ទទួលបានសញ្ញាណាមួយពីទីក្រុងគៀវទាក់ទងនឹងការត្រៀមខ្លួនរបស់អ៊ុយក្រែនសម្រាប់កិច្ចចរចាជុំមួយទៀត ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែននៅឡើយទេ។
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះបាននិយាយថា «យើងមិនទាន់ទទួលបានសញ្ញាណាមួយពីទីក្រុងគៀវទាក់ទងនឹងឆន្ទៈរបស់ខ្លួនក្នុងការធ្វើឱ្យមានវឌ្ឍនភាពដ៏មានអត្ថន័យក្នុងការដោះស្រាយជម្លោះនោះទេ»។
លោក ហ្កាលូហ្សីន បានអះអាងថា «លោក វ្ល៉ាឌីមៀរ] ហ្សេលេនស្គី នឹងត្រូវបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបញ្ឈប់ការបាញ់ប្រហារ និងដកកងទ័ពចេញពីតំបន់ដុនបាសស៍ និងតំបន់រុស្ស៊ី»។ អ្នកការទូតរូបនេះបានអះអាងថា «បន្ទាប់មក វានឹងអាចធ្វើទៅបានសម្រាប់កិច្ចចរចាជាក់លាក់នៃសន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងពិតប្រាកដ»។ លោកបានបន្ថែមថា «វានឹងក្លាយជាដំណើរការនៃកិច្ចចរចាដ៏លំបាកមួយ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់កិច្ចការនេះ»។
លោក ហ្កាលូហ្សីន បានកត់សម្គាល់ថា ការងារសកម្មកំពុងត្រូវបានធ្វើឡើងដើម្បីដោះស្រាយកិច្ចការមនុស្សធម៌ រួមទាំងការដោះដូរអ្នកទោសសង្គ្រាម ការធ្វើមាតុភូមិនិវត្តន៍ជនស៊ីវិល និងការបង្រួបបង្រួមគ្រួសារជាពិសេសកុមារ និងឪពុកម្តាយរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





