មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខរារដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយខ្យល់កន្ត្រាក់និងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីបងប្អូនទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច បើទោះបីជាមិនបានរស់នៅជាមួយគ្នាពិតមែន ក៏ប៉ុន្តែសុខទុក្ខទាំងឡាយរបស់បងប្អូនទំាងអស់ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗរងផលប៉ះពាល់នូវជំងឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ សូមបងប្អូនប្រជាពលរដ្ឋតាមដានរាល់កការបម្រែបម្រួលអាកាសធាតុ បើមានការសង្ស័យផ្ទៃមេឃងងឹត ខ្យល់បក់បោកខ្លាំង និងបញ្ហាប្រឈមនានាដោយសារខ្យល់ព្យុះ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

ថ្លែងក្នុងបរិបទនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាយទាហាន ពលទាហាន និងថ្នាក់ដឹកនាំខេត្ត បាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ០៤គ្រួសារ សម្ភារៈសរុបរួមមានស័ង្កសី ២២០សន្លឹក ដោយឡែកក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស និងថវិកាមួយចំនួនផងដែរ៕

ដោយ៖ បៃ ស៊ីថុន





