រដ្ឋមន្ត្រីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងលើគ្រប់វិស័យនៅខេត្តកណ្តាល ជាពិសេសវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងលើគ្រប់វិស័យនៅក្នុងខេត្តកណ្តាល ជាពិសេសវិស័យអប់រំ ក្រោមការដឹកនាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋបាលខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងដ៏សកម្មរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

ការវាយតម្លៃចំពោះការរីកចម្រើនរបស់ខេត្តកណ្តាល ជាពិសេសវិស័យអប់រំពីសំណាក់រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមិទ្ធផលនានារបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយបានចាត់ទុកសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះថា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការកើនឡើងនៃអត្រាសិស្សចូលរៀនលើគ្រប់កម្រិតសិក្សា ការកាត់បន្ថយអត្រាបោះបង់ការសិក្សា ការរីកចម្រើនឥតឈប់ឈរនៃសាលារៀនគំរូ ព្រមទាំងលទ្ធផលដ៏ល្អប្រសើរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០២៦ កន្លងទៅនេះ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពីការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលត្រូវពង្រឹងចាប់ផ្តើមចេញពីការអភិវឌ្ឍការអប់រំកុមារតូច ជាពិសេសក្នុងរយៈពេល ១.០០០ថ្ងៃដំបូង ដែលជាពេលវេលាខួរក្បាលកុមារលូតលាស់រហូតដល់ ៩០% ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអាហារូបត្ថម្ភល្អ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកអប់រំ និងគ្រូបង្រៀនទាំងអស់ បន្តពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ព្រមទាំងបន្តចូលរួមកាន់តែសកម្មក្នុងកំណែទម្រង់វិស័យអប់រំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងជឿជាក់ថាសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មិនត្រឹមតែជាសំណង់រូបវន្តដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏រឹងមាំនៃការរីកចម្រើន ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





