អគ្គនាយកដ្ឋានពន្ធដាររំលឹកពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីជូនដំណឹង បានរំលឹកដល់ម្ចាស់យានយន្តទាំងអស់ថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ និងបានបញ្ជាក់ថា រហូតមកទល់ពេលនេះ អគ្គនាយកពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។

ក្នុងន័យនេះ អគ្គនាយដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយករចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។ ដោយឡែកយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្លឺជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ កំពុងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធត្រូវស្មើនឹង ១០០% នៃប្រាក់ពន្ធត្រូវបង់) តាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូននៅតាមទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នីមួយៗនៅទូទាំងប្រទេស និងបន្តចេញលិខិតជូនដំណឹងដល់លំនៅឋានម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធនេះ។
អគ្គនាយកដ្ឋាពន្ធដារមានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងរំលើកនេះ ម្ចាស់យានយន្តទាំងអស់នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលាដូចបានកំណត់ខាងលើជាពុំខាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ)





