វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីស្តាប់មតិយោបល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋព្រមទាំងជំរុញការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅបរិវេណសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោកស្រីលំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីអ្នកពាក់ព័ន្ធព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់។

លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសារៈសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលជាឱកាសឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិ លើកឡើងពីបញ្ហាប្រឈម និងសំណូមពរដែលកើតមានក្នុងសហគមន៍របស់ខ្លួនដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធបានពិនិត្យ ពិចារណា និងស្វែងរកដំណោះស្រាយសមស្របទៅតាមតួនាទី និងសមត្ថកិច្ច។

ឯកឧត្តម ជាតិ ស៊ីវុត្ថា បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលមានទុក្ខកង្វល់ ឬបញ្ហាផ្សេងៗ សូមលើកឡើងដោយផ្ទាល់នៅក្នុងវេទិកានេះ ដើម្បីឱ្យអាជ្ញាធរបានទទួលព័ត៌មានពីតម្រូវការជាក់ស្តែង និងចាត់វិធានការដោះស្រាយតាមលទ្ធភាព។ ការបើកឱកាសឱ្យប្រជាពលរដ្ឋចូលរួមផ្តល់មតិយោបល់ គឺជាផ្នែកដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ការអនុវត្តអភិបាលកិច្ចល្អ។
ជាមួយគ្នានេះ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងសហគមន៍ ជាពិសេសការយកចិត្តទុកដាក់លើបរិស្ថាន និងអនាម័យក្នុងភូមិឋាន ដោយចូលរួមថែរក្សាអនាម័យ និងបរិស្ថានរស់នៅឱ្យបានស្អាតល្អ។ ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបត្រូវបានចាត់ទុកថា ជាកត្តាចាំបាច់ក្នុងការថែរក្សាសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណភាពជីវិតក្នុងសហគមន៍។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់លើការរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា តាមរយៈវេទិកានេះ ការចូលរួមផ្តល់មតិយោបល់ និងការសហការរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ ត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញការអភិវឌ្ឍសហគមន៍ឱ្យកាន់តែប្រសើរឡើង ហើយសំណួររបស់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហានៅក្នុងកម្មវិធីនេះមានចំនួន ១៤សំណួរ៕
ដោយ៖ ស៊ុម វណ្ណា





