ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយមចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

សូមជម្រាបថា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។

ស្នាព្រះហស្ដដ៏ឧត្តុងឧត្តមរបស់ព្រះអង្គដែលប្រជាពលរដ្ឋខ្មែរនៅតែគោរពដឹងគុណ និងចងចាំជាប់មិនភ្លេច គឺការយាងបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំងរហូតទទួលបានជោគជ័យទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





