អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសម្អាតតាមដងផ្លូវ តាមឆ្នេរសមុទ្រ អ្នកកាត់ស្មៅ និងអ្នកដាំដើមឈើ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកសម្អាតតាមដងផ្លូវ តាមឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ក្រុមកាត់ស្មៅថែសួនច្បាររបស់មន្ទីរសាធារណការ និងក្រុមការងារថែទាំដាំដើមឈើរបស់មន្ទីកសិកម្មសរុបចំនួន ១៤៩នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អរគុណបងប្អូនទាំងអស់ដែលបានមកជួបជុំនាពេលនេះ ហើយអ្វីដែលសំខាន់ គឺជាការយកចិត្តទុកដាក់ចូលរួមបំពេញការងារក្នុងការសម្អាតបរិស្ថាននៅតាមតំបន់ឆ្នេរ និងតាមដងផ្លូវក្នុងក្រុងរបស់យើង ការងារដែលបងប្អូនបានធ្វើទោះបីមិនទាន់បានល្អ ១០០ភាគរយ ក៏ដោយ គឺជាការលះបង់កម្លាំងកាយ ចិត្តធ្វើយ៉ាងណាឱ្យក្រុងរបស់យើងមានអមាម័យ បរិស្ថានល្អ ព្រោះការងារត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពល រដ្ឋភ្ញៀវជាតិ អន្តរជាតិ រួមបញ្ចូល បងប្អូនរបស់យើងជាអ្នកកាត់ស្មៅ ដាំដើមឈរ និងការសម្អាតនៅតាមបណ្តោយឆ្នេរក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ។ ព្រោះរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តំបន់សេដ្ឋកិច្ច តំបន់ដឹកជញ្ជូន ទីផ្សារហិរញ្ញវត្ថុ។ល។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ធម្ម ជាតិប្រណិត ដែលតម្រូវឱ្យបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាអនាម័យ បរិស្ថាន ការដាំដើមឈើ និងភាពបៃតង។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះការទទួលខុសត្រូវរបស់បងប្អូនយើងទាំងអស់គ្នា ព្រមទាំងបាននាំយកការផ្តាំផ្ញើសួសុខទុកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ដែលពេលថ្មីនេះ សម្តេចមកលេងខេត្តព្រះសីហនុ បានកោតសរសើរវាយតម្លៃចំពោះការស្អាតរបស់ខេត្តព្រះសីហនុ តាមតំបន់ឆ្នេរ តាមដងផ្លូវ ជាពិសេសការដាំដើមឈើនៅតាមដងផ្លូវនានាក្នុងក្រុងឱ្យមានពណ៌បៃតង ដែលជាសកម្មភាពដ៏មានអត្ថន័យខ្លាំងណាស់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ថែរក្សាសោភណភាព និងបរិស្ថានទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ នាពេលខាងមុខ។

អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនបងប្អូន ១៤៩នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២០០ ០០០រៀល៕


ដោយ ងូ សុមុនី





