លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចុះសួរ សុខទុក្ខឯកឧត្តម សាស្ត្រាចារ្យ មាស សារិនដែលកំពុងសម្រាកព្យាបាលជំងឺ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--ដោយទទួល បានការយកចិត្តទុកដាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើមួយកន្ត្រក់ជូន ឯកឧត្តម សាស្ត្រាចារ្យ មាស សារិន អតីតអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាសមាជិកសកម្មរបស់កាកបាទក្រហមកម្ពុជា ដល់គេហដ្ឋាន ខណៈដែលឯកឧត្តមកំពុងសម្រាកព្យាបាលជំងឺ។

លោកជំទាវអគ្គលេខាធិការ បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ ដោយក្តីនឹក រលឹក និងគិតគូរជាពន់ពេកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងបានជូនពរឱ្យឯកឧត្តមសាស្ត្រាចារ្យ ឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ មាស សារិន និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល តែង តែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ចាស់ព្រឹទ្ធាចារ្យ និងបានបួងសួងសូម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រទេសជាតិ និងកាកបាទ ក្រហមកម្ពុជា ជារៀងរហូតតទៅ៕
ដោយ៖ ពេជ្រ សំអឿន ,ប្រភព៖កាកបាទក្រហមកម្ពុជា





