ឯកឧត្តម តាន់ ថាណា៖ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជាឆ្នាំ២០២៦ បង្ហាញពីការបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជាឆ្នាំ២០២៦ នេះ ជាការបង្ហាញពីការបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក និងគណៈប្រតិភូដែលបានអញ្ជើញមកចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក នាពេលនេះ នឹងបន្តជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់រដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ ក្នុងស្មារតី «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រួមជាមួយការអភិវឌ្ឍលើវិស័យការពារជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ព្រឹត្តិការណ៍នេះ ក្រសួងការពារជាតិប្រទេសទាំងពីរ បានសហការគ្នារៀបចំជាបន្តបន្ទាប់នៅកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួង ស្ថាប័ន សេដ្ឋកិច្ចពាក់ព័ន្ធ និងតំណាងអ្នកវិនិយោគពាណិជ្ជកម្ម ធុរជនមកពីប្រទេសវៀតណាម និងកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងពង្រីកបណ្តាញវិនិយោគរួមគ្នារវាងវិស័យឯកជនប្រទេសទាំងពីរ ជាឱកាសដ៏សំខាន់សម្រាប់ធុរជនកម្ពុជា និងវៀតណាមជួបពិភាក្សា ផ្គូផ្គងដៃគូពាណិជ្ជកម្ម លើវិស័យពាណិជ្ជកម្មដែលនៅមានសក្តានុពលជាច្រើនផងដែរ។

ឯកឧត្តម តាន់ ថាណា បានចាត់ទុកថា ការរៀបចំពិព័រណ៍នាថ្ងៃនេះ ប្រព្រឹត្តទៅក្នុងពេលដែលស្ថានភាពតំបន់ និងសកលលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ការណ៍នេះជម្រុញរដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ គិតគូររៀបចំឡើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរនិន្នាការនៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ។
ឯកឧត្តម បានបន្ថែមថា ដូចនេះ ទំនាក់ទំនងរវាងក្រសួងការពារជាតិ កងទ័ព ប្រជាជន ប្រទេសយើងទាំងពីរ មិនត្រឹមតែបន្តរក្សានូវភាពរឹងមាំ និងស្ថិរភាពនយោបាយការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងមានសន្ទុះកាន់តែខ្លាំង ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក៏ដូចជាជម្រុញការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជន និងយុវជន និងរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមទៀតផង។

ឯកឧត្តម តាន់ ថាណា បានថ្លែងអំណរគុណចំពោះក្រុមការងារក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា វៀតណាម អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធ ដែលបានសហការរៀបចំពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជាឆ្នាំ២០២៦ បានដំណើរការដោយរលូនតាមកម្មវិធីគ្រោងទុក។
ដោយ៖ យា ចិន្តាខន្តី





