តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំ អ.ស.ប៖ ជនភៀសសឹកកម្ពុជា (IDPs) មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប.)បានលើកឡើងថា ជនភៀសសឹកកម្ពុជា ប្រមាណជាង ២០ ០០០ នាក់ ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន មានបំណងប្រាថ្នា និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការលើកឡើងរបស់តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បែបនេះ ក្នុងឱកាសថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅស្តីពី "របាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ(អ.ស.ប.) ទទួលបន្ទុកជនភៀសខ្លួន សំណួរពាក់ព័ន្ធនឹងជនភៀសខ្លួន អ្នកវិលត្រឡប់ និងជនភៀសសឹក និងសំណួរមនុស្សធម៌" នៅក្នុងគណៈកម្មាធិការទី៣ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប.) លើកទី៨១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្តម យោង ចាន់សុភារ បានសង្កត់ធ្ងន់ថា កូនចៅរបស់ជនភៀសសឹក ទន្ទឹងរង់ចាំការត្រឡប់ទៅសាលារៀនដើមរបស់ពួកគេវិញ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ពីការកើនឡើងនៃបញ្ហាប្រឈមនៃការបណ្តេញចេញដោយបង្ខំ និងតម្រូវការសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ឯកឧត្តមក៏បានទទួលស្គាល់ពីតួនាទីដែលមិនអាចខ្វះបានរបស់ UNHCR ក្នុងអំឡុងពេលតម្រូវការមនុស្សធម៌នេះ។

ជាមួយគ្នានេះ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាបន្តអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងការគាំទ្រមនុស្សធម៌សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ខណៈពេលដែលបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះ៕
ដោយ៖ រិទ្ធី, ប្រភព៖ តំណាងអចិន្ត្រៃយ៍រងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ





