សមិទ្ធផល និងបទពិសោធដែលនិវត្តជនបន្សល់ទុក គឺជាមរតកដ៏មានតម្លៃសម្រាប់មន្ត្រីជំនាន់ក្រោយ
AKP កំពង់ស្ពឺ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា រាល់សមិទ្ធផល និងបទពិសោធដែលអតីតមន្ត្រីរាជការបានបន្សល់ទុក គឺជាមរតកដ៏មានតម្លៃបំផុតសម្រាប់មន្ត្រីជំនាន់ក្រោយយកមកសិក្សារៀនសូត្រ និងបន្តអនុវត្តការងារ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ២,១១៤នាក់។

ថ្លែងទៅកាន់លោកអ៊ំ លោកពូ អ្នកមីង ដែលជាអតីតមន្ត្រីរាជការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីក្នុងការបម្រើជាតិមាតុភូមិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសជាតិជួបប្រទះការលំបាក និវត្តជនទាំងអស់បានដើរតួនាទីជាកម្លាំងចលករយ៉ាងសំខាន់ដោយមិនខ្លាចនឿយហត់។ រាល់លិខិតបទដ្ឋានគតិយុត្ត រចនាសម្ព័ន្ធការងារ និងបទពិសោធដែលបានចាក់ឫសនៅតាមស្ថាប័ន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកបន្តវេន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលថា «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ»។


ទន្ទឹមនឹងការចងចាំជានិច្ចនូវគុណូបការៈនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចយ៉ាងច្បាស់អំពី ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់និវត្តជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែកែសម្រួល និងពង្រីករបបសន្តិសុខសង្គមជាបន្តបន្ទាប់ ស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមានការបន្តដំឡើងប្រាក់សោធននិវត្តន៍ក្នុងកម្រិតសមរម្យ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយប្រចាំថ្ងៃ។


លើសពីនេះ អ្វីដែលជានយោបាយគាំពារដ៏សំខាន់នោះគឺ បញ្ហាសុខភាព ដោយរាជរដ្ឋាភិបាលបានផ្តល់ជូននូវបណ្ណសមាជិក ប.ស.ស. ជូននិវត្តជន ដើម្បីធានាថា អតីតមន្ត្រីរាជការទាំងអស់ អាចទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ដែលនេះសបញ្ជាក់ពីការមិនបោះបង់ និងការតបស្នងសងគុណរបស់ប្រមុខថ្នាក់ដឹកនាំចំពោះមន្ត្រីនិវត្តជន៕
ដោយ៖ ម៉ែន ប៊ុនធីម





