មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រសិទ្ធភាពការងារ Using AI for Efficiency at Work ”
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦-- លោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការ ប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីប្រសិទ្ធភាពការងារ Using AI for Efficiency at Work ” ជូនមន្រ្តីរាជការ មកពីរដ្ឋបាលក្រុង ស្រុក កងកម្លាំងអាវុធហត្ថ, ស្នងការនរគបាលខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, សមាគមនារី, សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគម សិស្សនិស្សិតអាហារូបករណ៏សម្តេចតេជា (អ ម ត)។
លោក យស់ សុធាប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៨០នាក់ ។


វគ្គបណ្តុះបណ្តាលនេះ មានប្រធានបទដូចជា: ១-មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត
,២-ការប្រើប្រាស់កម្មវិធីបញ្ញសិប្បនិម្មិត ដើម្បីប្រសិទ្ធភាពការងារ,
៣-អភិបាលកិច្ចបញ្ញាសិប្បនិម្មិត
និង៤-ការអនុវត្តផ្ទាល់របៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត។


លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា មន្ទីរបានសហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីអភិវឌ្ឍនសមត្ថភាព និងបង្កើនចំណេះដឹងពាក់ព័ន្ធនឹងការធ្វើទំនើបកម្មរដ្ឋបាល ដោយប្រើប្រាស់បច្ចេកវិទ្យា (បញ្ញសិប្ប និម្មិត) និងការធានាលើកកំពស់ប្រសិទ្ធភាពការងារ ការពង្រឹងសុវត្ថិភាព និងភាពធន់ព្រមទាំងការប្រើ ប្រាស់សញ្ញាសិប្បនិម្មិតឪ្យបានត្រឹមត្រូវប្រកប ដោយការទទួលខុសត្រូវ៕

ដោយ ងូ សុមុនី





