សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបន្តពង្រឹងការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅភូមិរង់ចាំ
AKP បន្ទាយមានជ័យ ថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសនៅអំឡុងរដូវវស្សាដែលជាឱកាសអំណោយផលដល់ការកើតមាន និងការរីករាលដាលនៃជំងឺមួយចំនួន សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តជំរុញការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដោយផ្តោតលើវិធានការបង្ការជំងឺគ្រុនឈាម ជំងឺឆ្លងផ្សេងៗ អនាម័យ ទឹកស្អាត និងការការពារខ្លួនពីគ្រោះថ្នាក់ដោយសាររន្ទះបាញ់។

ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆន ឈឹម ប្រធានក្រុមអ្នកស្ម័គ្រចិត្តភូមិរង់ចាំទី១ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានដឹកនាំអ្នកស្ម័គ្រចិត្តចំនួន ៤នាក់ ចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៧១ខ្នងផ្ទះ នៅក្នុងភូមិរង់ចាំទី១ ដើម្បីផ្តល់ចំណេះដឹង និងជំរុញឱ្យប្រជាពលរដ្ឋចេះការពារខ្លួន និងគ្រួសារពីបញ្ហាសុខភាព និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងជីវភាពប្រចាំថ្ងៃ។

ក្នុងសកម្មភាពចុះអប់រំនេះ អ្នកស្ម័គ្រចិត្តបានផ្សព្វផ្សាយអំពីវិធីបង្ការជំងឺគ្រុនឈាម តាមរយៈការលុបបំបាត់ប្រភពទឹកដក់ដែលអាចជាកន្លែងមូសខ្លាដាក់ពង ការរក្សាបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាត និងការប្រុងប្រយ័ត្នចំពោះរោគសញ្ញាដែលអាចបង្ហាញពីជំងឺ ដើម្បីឱ្យអ្នកជំងឺអាចទទួលបានការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ក្រុមអ្នកស្ម័គ្រចិត្តក៏បានណែនាំប្រជាពលរដ្ឋអំពីការការពារជំងឺឆ្លងផ្សេងៗ ការរក្សាអនាម័យផ្ទាល់ខ្លួន និងបរិស្ថាន ការប្រើប្រាស់ និងរក្សាទុកទឹកស្អាតប្រកបដោយសុវត្ថិភាព ព្រមទាំងវិធានការការពារខ្លួននៅពេលមានភ្លៀង ផ្គរ រន្ទះ ដើម្បីកាត់បន្ថយហានិភ័យដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ការចុះអប់រំផ្សព្វផ្សាយនៅតាមខ្នងផ្ទះបែបនេះ មិនត្រឹមតែជាការផ្តល់ព័ត៌មានសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រដ៏សំខាន់ក្នុងការនាំយកចំណេះដឹង និងសារអប់រំទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ដែលត្រូវការការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកមនុស្សធម៌។

តាមរយៈការចុះផ្សព្វផ្សាយជាប្រចាំ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាបានដើរតួនាទីជាស្ពានភ្ជាប់រវាងសារអប់រំសុខភាព និងប្រជាពលរដ្ឋ ដោយជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីវិធីបង្ការ ជាជាងរង់ចាំដោះស្រាយនៅពេលបញ្ហាកើតឡើង។ ជាពិសេស ការបង្ការជំងឺគ្រុនឈាម និងជំងឺឆ្លង ត្រូវការការចូលរួមពីគ្រួសារនីមួយៗ និងសហគមន៍ទាំងមូល។
សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តលើកទឹកចិត្តឱ្យអ្នកស្ម័គ្រចិត្តបង្កើនការចុះអប់រំផ្សព្វផ្សាយឱ្យបានទៀងទាត់ ដើម្បីឱ្យសារសុខភាព និងការការពារគ្រោះថ្នាក់ផ្សេងៗ អាចទៅដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ និងក្លាយជាចំណេះដឹងដែលប្រជាពលរដ្ឋអាចយកទៅអនុវត្តជាក់ស្តែងក្នុងគ្រួសារ។
គួរបញ្ជាក់ថា សកម្មភាពអប់រំផ្សព្វផ្សាយនេះ ទទួលបានការគាំទ្រថវិកាពី គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹង និងការការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕
ដោយ ឈុន សារ៉ាត





