ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង៣០០០ម៉ែត្រត្រូវបានកងកម្លាំងចម្រុះខេត្តកំពង់ធំធ្វើការបង្ក្រាប និងបំផ្លាញចោល
AKP កំពង់ធំ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានដាក់ចេញបទបញ្ជាថ្មីបន្ថែមទៀតឱ្យកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំពាមបាង ស្រុកស្ទោងដែលដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព ត្រូវបន្តសកម្មភាពសហការជាមួយកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប យោធភូមិភាគទី៤ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលកំពុងកើតឡើងថ្មី នៅតំបន់រហាលព្រួល ជាប់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងស្រុកជីក្រែងរបស់ខេត្តសៀមរាប ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា លទ្ធផលនៃការបង្ក្រាបរបាំងស្បៃមុងដែលជាឧបករណ៍នេសាទខុសច្បាប់នៅក្នុងថ្ងៃនេះ បានចំនួន១៥ របាំងមានប្រវែងជាង១៥០០ម៉ែត្រ។ឡុកស្បៃមុង២៥គ្រឿងលបឬលូចំនួន ៣២មាត់ កាប់បំផ្លាញបង្គោលឈើចំនួនជាង៧០០ដើមនឹងបានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញប្រមាណជាង៣០គីឡូក្រាម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ប្រជានេសាទទាំងអស់កុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ពិសេសរបាំងស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាតដើម្បីទុកឱ្យផលត្រីរបស់យើងបានសម្បូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងត្រូវរួមគ្នាថែរក្សាធនធានធម្មជាតិយើង ឱ្យនៅគង់វង្សសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។ នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកប្រេងឥន្ធនៈ ចំនួន៥០០លីត្របន្ថែមទៀត ប្រគល់ជូនលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលនៅឃុំពាមបាងដើម្បីបន្តសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

នៅថ្ងៃជាមួយគ្នានេះដែរ កម្លាំងជំនាញចម្រុះដឹកនាំដោយលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន បានសហការជាមួយលោក សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងសង្កាត់កំពង់ក្របៅ សង្កាត់ស្រយ៉ូវ និងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ប្រតិបត្តិការនេះបានធ្វើឡើងនៅតំបន់បឹងវែង និងបឹងផ្អឹត ក្នុងក្រុងស្ទឹងសែនដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងស្បៃមុងប្រវែង១៥០០ម៉ែត្រ ឡុកចំនួន១៥ឡុកលូស្បៃមុងចំនួន១៥មាត់ និងបង្គោលចំនួន៩៥០ដើមនិងបានចាក់លែងកូនត្រីចម្រុះចំនួន៨០គីឡូក្រាមទៅក្នុងបឹងធម្មជាតិវិញ។

ក្នុងឱកាសនោះ លោក យ៉េង យ៉ាន បានផ្សព្វផ្សាយដល់ប្រជានេសាទស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងខេត្តកំពង់ធំដើម្បីរួមចំណែកការពារ និងអភិរក្សធនធានជលផល ព្រមទាំងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាពនិងបានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមចូលរួមគោរព និងអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិស្តីពីជលផលមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ និងត្រូវចូលរួមការពារតំបន់អភិរក្ស ព្រមទាំងប្រភពធនធានជលផលនៅក្នុងមូលដ្ឋាន។ការចូលរួមរបស់ប្រជានេសាទនិងប្រជាពលរដ្ឋគ្រប់រូបគឺជាកត្តាសំខាន់ក្នុងការរក្សាធនធានជលផលឱ្យមាននិរន្តរភាព សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ៕

ដោយ ស៊ុម វណ្ណា





