កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបានបទល្មើសជលផលចំនួនពីរករណី
AKP កំពង់ចាម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- បទល្មើសជលផលចំនួន ២ករណី ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាប ដោយសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងអាជ្ញាធរស្រុកកងមាស រួមកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកក្របៅ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលកំពង់ចាម បានឱ្យដឹងថា ចំពោះបទល្មើសជលផលចំនួន ២ករណី ដែលជំនាញបង្ក្រាបត្រូវបានធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ករណីទី១. នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបំផ្លាញចោលមាន ឧបករណ៍ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ បង្គោលចម្រឹង ១២០ដើម និងចាក់លែងកូនត្រីចម្រុះ ៥គីឡូក្រាម។ ករណីទី២. នៅចំណុចស្ពានអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមដោយបំផ្លិចបំផ្លាញចោលនូវឧបករណ៍ស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៣២០ម៉ែត្រ បង្គោលចម្រឹង ១៦០ដើម និងចាក់លែងកូនត្រីចម្រុះ ៦គីឡូក្រាម។

លោក លី ស្រ៊ី បានបញ្ជាក់ថា កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានយក ចិត្តទុកដាក់ខ្ពស់ចំពោះការបង្ក្រាបរាល់បទល្មើសនេសាទក្នុងដែនរបស់ខ្លួន ពិសេសការទប់ស្កាត់បទល្មើសក្នុងការបិទនេសាទនេះព្រោះជារដូវត្រីពងកូន សំដៅជួយបង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរបែបក្នុងដែនធម្មជាតិ សម្រាប់ធានាដល់សន្តិសុខស្បៀងដល់ជីវភាពរស់នៅរបស់ប្រជាជនយើង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋនិងប្រជានេសាទរួមគ្នាចូលរួមថែរក្សា ការពារធនធានធម្មជាតិ មច្ឆជាតិ ត្រូវប្រកបរបរដោយស្របច្បាប់ដើម្បីរក្សាពូជត្រីឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕





ដោយ ឆាយ ម៉ុត





