ឯកឧត្តម ប៊ុយ សុភ័ណ្ឌ៖ MOU ២ឆ្នាំជាមួយ BRICS HOUSE CAMBODIA ជាកាលានុវត្តភាពថ្មីលើកំណែទម្រង់ប្រដាល់សកលអាជីព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងសហព័ន្ធ និងលោក VLADIMIR PALANCICA ប្រធាន BRICS HOUSE CAMBODIA ដែលឯកឧត្តមចាត់ទុកថា ការចុះអនុស្សរណៈនេះ គឺជាកាលានុវត្តភាពថ្មីបន្ថែមទៀតរបស់សហព័ន្ធ សម្រាប់អាណត្តិទី៨លើការកែទម្រង់ការប្រកួតប្រដាល់សកលអាជីព ដែលស្ថិតក្រោមបរិបាលកិច្ចរបស់សហព័ន្ធឱ្យស្របតាមបទប្បញ្ញត្តិនិងស្តង់ដាបច្ចេកទេសអន្តរជាតិ ក្នុងទិសដៅអភិវឌ្ឍកីឡាករ កីឡាការិនីប្រដាល់សកលអាជីពកម្ពុជាឆ្ពោះទៅកម្រិតអន្តរជាតិ។

ក្នុងនាមសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS HOUSE CAMBODIA លើភាពជាដៃគូអភិវឌ្ឍកីឡាប្រដាល់សកលអាជីព ដែលមានរយៈពេល ២ឆ្នាំ។ ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមប្រធានសហព័ន្ធបានគូសបញ្ជាក់ទៀតថា បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈគ្រុប លើការរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីព “DRAGON | THE GOLDEN RING” រួចមក យើងបានធ្វើការពង្រឹងលើការរៀបចំការប្រកួតឱ្យស្របតាមបទបញ្ជាបច្ចេកទេសអន្តរជាតិ រហូតបានធ្វើឱ្យកម្មវិធីប្រកួតនេះមាន ការទទួលស្គាល់ជាផ្លូវការពីស្ថាប័ន BOXREC ដែលជាស្ថាប័នកត់ត្រា និងចាត់ថ្នាក់កីឡាប្រដាល់អាជីពដ៏ធំបំផុតនៅលើពិភពលោក។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់បែបនេះថា៖ «សម្រាប់ភាពជាដៃគូរវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង BRICS HOUSE CAMBODIA នាពេលនេះនឹងក្លាយជាកាលានុវត្តភាព ជាប្រវត្តិសាស្រ្តថ្មីយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់សកល អាជីពបានពង្រឹងសមត្ថភាព និងបង្កើនចំណូល ក៏ដូចជារួមចំណែកអភិវឌ្ឍគុណផលក្រុមជម្រើសជាតិប្រដាល់សកល ត្រៀមចូលរួមការប្រកួតអន្តរជាតិជាមួយចក្ខុវិស័យរបស់សហព័ន្ធ ក្នុងការនាំយកប្រដាល់សកលកម្ពុជាទៅចូលរួមការប្រកួតកីឡាអូឡាំពិកសាជាថ្មី ដែលប្រដាល់សកលកម្ពុជាយើងធ្លាប់បានសាងកំណត់ត្រាប្រវត្តិសាស្រ្តខ្ពស់បំផុតសម្រាប់កីឡាជាតិកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន»។

បន្ថែមពីលើនេះ ប្រធានសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Vladimir Palancica ប្រធាន BRICS House Cambodia ដែលតែងបានឧបត្ថម្ភគាំទ្រឱ្យការរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីព និងឧបត្ថម្ភគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា។ ឯកឧត្តមបានយកឱកាសនេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនសប្បុរសជន និងបណ្តាស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមគាំទ្រដល់កីឡាប្រដាល់សកលកម្ពុជា ដើម្បីឱ្យយើងអាចសម្រេចចក្ខុវិស័យ ក្នុងការនាំយកប្រដាល់សកលកម្ពុជាត្រឡប់ទៅចូលរួមការប្រកួតកីឡាអូឡាំពិក នាពេលអនាគត៕
ដោយ ហេង ណាលីន





