សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាពីទីផ្សាររថយន្ត មុននឹងដំឡើងរោងចក្រផលិតរថយន្ត នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមានការសិក្សាពីទីផ្សារលក់រថយន្ដ មុននឹងសម្រេចអនុញ្ញាតឱ្យដំឡើងផលិតរថយន្ត ខណៈកម្ពុជា មិនប្រញាប់បង្កើនចំនួនរោងចក្រដំឡើងរថយន្តនោះទេ ប៉ុន្តែ ផ្ដោតលើការជួយអ្នកវិនិយោគដែលមានស្រាប់ឱ្យរស់ និងរីកចម្រើន។ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង (TH Automotive Manufacturing) និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនប្រញាប់ចង់បានរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើនពេកនោះទេ ប៉ុន្តែអ្វីដែលជាអាទិភាព គឺការប្រឹងប្រែងពង្រឹងសមត្ថភាពរោងចក្រដែលមានស្រាប់ និងជួយគាំទ្រអ្នកវិនិយោគទាំងនោះឱ្យអាចឈរជើងបានរឹងមាំ និងរីកចម្រើននៅកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ដោយមានទុនវិនិយោគសរុប ២៤៨ លានដុល្លារអាម៉េរិក (ទុនវិនិយោគក្នុងស្រុក ២៨% និងទុនវិនិយោគបរទេស ៧២%) និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋសរុប ២ ៧៧៤ កន្លែង។ សម្ដេចធិបតីបន្ដថា ក្នុងចំណោមរោងចក្រទាំង ១៥ នោះ រួមមានរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រ ពុំទាន់ដំណើរការចំនួន ២ និងគម្រោងរោងចក្រកំពុងសាងសង់ព្រមទាំងស្នើសុំចុះបញ្ជីវិនិយោគចំនួន ៣ ទៀត។

ជាមួយគ្នានោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា បច្ចុប្បន្ន រោងចក្រ និងក្រុមហ៊ុនដំឡើងរថយន្តទាំងអស់ក្នុងស្រុក មានសមត្ថភាពផលិតរថយន្តបានសរុបរហូតដល់ ៣៥ ០០០ គ្រឿង ក្នុងមួយឆ្នាំរួចទៅហើយ។ សម្ដេចធិបតីក៏បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្វើការពិនិត្យ និងវាយតម្លៃឡើងវិញលើការកំណត់ការពង្រីកចំនួនក្រុមហ៊ុនដំឡើងរថយន្ត ដោយលើកឡើងថា គួរត្រូវផ្ដល់អាជ្ញាប័ណ្ណបន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តបន្ថែមទៀតនាពេលខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់ឧស្សាហកម្មផលិត និងដំឡើងរថយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ប៊ុនរិទ្ធ





