អភិបាលរងខេត្តកំពង់ធំ៖ វគ្គណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់នូវចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពដល់ក្រុមការងាររាជធានី-ខេត្ត
AKP កំពង់ធំ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់នូវចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពដល់ក្រុមការងាររាជធានី-ខេត្ត ដើម្បីធ្វើជាសេនាធិការដ៏មុតស្រួចក្នុងការជួយគាំទ្រតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុក ប្រកបដោយភាពជឿជាក់។

លោកអភិបាលរងខេត្តលើកឡើងដូចនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "ការពង្រឹងតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់រាជធានី-ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌលើការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា" កាលពីពេលថ្មីៗកន្លងទៅនេះ។ វគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃគម្រោងពង្រឹងសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក និងសមាសភាពពាក់ព័ន្ធលើការដឹកនាំ គ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា ហើយថវិកាគាំទ្រសម្រាប់ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺទទួលបានពីអង្គការទស្សនពិភពលោកអន្តរជាតិកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេស។

លោកក៏បានសំណូមពរ និងការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់៖ ទី១.សូមសិក្ខាកាមទាំងអស់ដែលអញ្ជើញមកពីបណ្តាខេត្តនានា ជួយយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការឧទ្ទេសនាម ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរ យោបល់ និងចែករំលែកបទពិសោធន៍ល្អៗពីមូលដ្ឋានរៀងៗខ្លួន ដើម្បីដកស្រង់យកគន្លឹះសំខាន់ៗយកទៅអនុវត្តន៍ឱ្យទទួលបានជោគជ័យ។ ទី២.សូមលើកទឹកចិត្តឱ្យក្រុមការងារថ្នាក់រាជធានី-ខេត្ត ខិតខំក្តាប់ឱ្យបានច្បាស់នូវតួនាទី និងភារកិច្ចរបស់ខ្លួន តាមរយៈការរៀបចំផែនការគាំទ្រក្រុង-ស្រុកឱ្យបានច្បាស់លាស់ ដើម្បីចុះជួយសម្របសម្រួលដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារវិស័យអប់រំដែលរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មជូននេះឱ្យកាន់តែរលូន។ ទី៣.ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នឹងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ពិសេសអង្គការទស្សនពិភពលោក ដើម្បីធានាបាននូវការផ្តល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅតាមមូលដ្ឋាន។

ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប.មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះគឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងតួនាទីនិងភារកិច្ចរបស់ក្រុមការងារថ្នាក់រាជធានី ខេត្ត គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសការរៀបចំផែនការសកម្មភាពសម្រាប់ចុះគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តន៍មុខងារក្នុងវិស័យអប់រំ យុវជននិងកីឡាប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្របសម្រួលគាំទ្រនិងដោះស្រាយបញ្ហាប្រឈមនានាបានឆ្លើយតបនិងទាន់ពេល។ អ្វីដែលយើងកំពុងពិភាក្សានៅថ្ងៃនេះ បានផ្តល់នូវក្របខ័ណ្ឌដ៏មានតម្លៃក្នុងការបញ្ជាក់បន្ថែមអំពីតួនាទី និងភារកិច្ចការពង្រឹងយន្តការគាំទ្រថ្នាក់ខេត្តនិងការធានាថារដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវសមត្ថភាពនិងអំណាចគ្រប់គ្រាន់ ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបានបង្ហាញនូវចំណុចសំខាន់ៗដោយផ្តោតលើ៖ ១.ការពង្រឹងរចនាសម្ព័ន្ធនិងលេខាធិការដ្ឋានគាំទ្រថ្នាក់ខេត្ត។ ២.ការផ្តល់ការគាំទ្របច្ចេកទេសជាទៀងទាត់ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ៣.ការកសាងសមត្ថភាពអនុលោមភាពផ្លូវច្បាប់ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ៤.ការលើកកម្ពស់យន្តការតាមដាន រាយការណ៍ និងគណនេយ្យភាព និង៥.ការបង្កើតយន្តការសម្របសម្រួលនិងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពដើម្បីធានាបាននូវការឆ្លើយតបទាន់ពេលវេលា។

ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គការទស្សនពិភពលោកអន្តរជាតិកម្ពុជា ដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេសដែលបានជួយឧបត្ថមគាំទ្រក្នុងវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសន្ទនាដោយបើកចំហកិច្ចសហប្រតិបត្តិការ និងចំណេះដឹងរួមគ្នាយើងអាចអភិវឌ្ឍន៍ក្របខ័ណ្ឌមួយដែលកាន់តែរឹងមាំដែលអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានអាចផ្តល់សេវាអប់រំប្រកបដោយគុណភាព បរិយាបន្ននិងសមធម៌សម្រាប់ក្រមការងារទាំងអស់៕
ដោយ ស៊ុម វណ្ណា





