តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN គូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ មកលើប្រជាជនស៊ីវិល ពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជា ជាង ២០ ០០០នាក់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជា ជាង ២០ ០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជា ដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ការគូសបញ្ជាក់របស់ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិបែបនេះ នៅក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មស្តីពី របាយការណ៍វិភាគរបស់ឧត្តមស្នងការស្តីពី សិទ្ធិមនុស្សរបស់ស្ត្រី និងកុមារនៅក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ នៅទីក្រុងហ្សឺណែវ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូត បានអំពាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ (ជាពិសេសប្រាសាទព្រះវិហារ) របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃ នៅលើទឹកដីកម្ពុជា ដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ





