សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង ហើយត្រូវអនុវត្ដន៍នូវគោលការណ៍៣ឆាប់ គឺរកឃើញឆាប់ បញ្ចូនឆាប់ និងព្យាបាលឆាប់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកទាំងអស់នៅក្នុងមន្ទីរពេទ្យ ហ្លួងម៉ែ សូមបន្ដបំពេញតួនាទី ភារកិច្ចប្រកបដោយសីលធម៌ វិជ្ជាជីវៈ និងតម្កល់អាយុជីវិតអ្នកជំងឺជាឧត្ដមប្រយោជន៍របស់អង្គភាពផង និងសាមីខ្លួនផង ហើយត្រូវចាំថា គ្រូពេទ្យល្អ ត្រូវមានទាំងជំនាញ និងបេះដូង និងត្រូវអនុវត្ដន៍នូវគោលការណ៍៣ឆាប់ គឺរកឃើញឆាប់ បញ្ចូនឆាប់ និងព្យាបាលឆាប់។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឹមហារីក មានទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលវេលាគឺសំខាន់សម្រាប់អ្នកជំងឺ ជាពិសេសសមត្ថភាពក្នុងការព្យាបាលនៅនឹងកន្លែងនូវគ្រោះថ្នាក់ធ្ងន់ ដែលសម្ដេចតែងតែនិយាយថា ពេទ្យមិនមែនជាទេព្ដា តែជាប្រតិបត្ដិកររបស់ទេព្ដា ជួយឱ្យអ្នកឈឺធ្ងន់ ទៅជាឈឺស្រាល ហើយជួយដល់អ្នកដែលរងហានិភ័យនិងបាត់បង់អាយុជីវិត ឱ្យមានជីវិត។ សម្ដេចធិបតីបានបញ្ជាក់ថា៖ «អីចឹង ប្រសិទ្ធភាព សមត្ថភាព បូកនឹងក្រមសីលធម៌ វិជ្ជាជីវៈ គឺជាកិច្ចការចម្បងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំជឿថា ពេទ្យទាំងអស់ ដែលរៀនពេទ្យគឺស្រឡាញ់ មិនមែនដោយសារតែអាជីពនេះ រកបានច្រើន ខ្ញុំមិនជឿថា អាហ្នឹងតែមួយនោះទេ ធូរធាជីវភាពគឺមួយផ្នែក ប៉ុន្ដែសំខាន់អ្នកដែលចង់ជួយជីវិតមនុស្ស មិនថា ឆ្មបជួយបង្កើតកូនគេឱ្យបានល្អ ព្រោះបង្កើតមិនស្រួលក៏គ្រោះថ្នាក់ដែរ»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងផងដែរថា អត្រាស្លាប់របស់មាតា និងទារក នៅតាមប្រទេសជាច្រើន ដែលអត់មានសុវត្ថិភាព និងពេទ្យឆ្មបគ្រប់គ្រាន់ ជួនកាលពេលកើតកូនមក ធ្វើមិនស្រួលស្លាប់ម្ដាយ។
សម្ដេចធិបតីបន្ដថា ចំពោះជំងឺមហារីកដូចគ្នា ការវិនិច្ឆ័យត្រូវ គឺជួយ បើឃើញអ្នកជំងឺមានទម្រង់មហារីកហើយ កុំចាំទុកដល់ដំណាក់កាលទី៤ ទើបរកឃើញ ពេលឃើញតាំងពីស៊ីមតុមដំបូង ត្រូវឱ្យអ្នកជំងឺប្រយ័ត្នប្រយែង ត្រូវណែនាំចាប់តាំងពីរបៀបហូបចុក កុំឱ្យមានហានិភ័យឡើងកង់ស៊ែ ខណៈនេះគឺជាសមត្ថភាព និងការទទួលខុសត្រូវនូវអ្វីដែលពេទ្យអាជីព ជាប្រតិបត្តិករទេព្ដា ជួយទៅដល់មនុស្សនោះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ជីវិតធំណាស់ គ្មានអ្វីសំខាន់ជាងជួយជីវិតនោះទេ គ្មានអ្វីទាំងអស់មានតម្លៃស្មើនឹងជីវិតទេ ដែលត្រូវការពារ»។

ជាមួយគ្នានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្ដចាត់ទុកការអភិវឌ្ឍមូលធនមនុស្សគឺជាមូលដ្ឋានអាទិភាពទី១ បន្ដលើកកម្ពស់វិស័យសុខាភិបាល និងការកែលម្អប្រព័ន្ធសុខាភិបាលសាធារណៈ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ឱ្យខិតកាន់តែជិតចូលនឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ការកែលម្អបរិក្ខារឯកទេសឱ្យកាន់តែទំនើប និងទាន់សម័យ និងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានសមធម៌ ចីរភាព និងស្របតាមពាក្យស្លោក “ការវិនិយោគលើវិស័យសុខាភិបាលគឺជាការវិនិយោគលើអាយុជីវិត លើកម្លាំងពលកម្ម លើធនធានមនុស្ស និងលើការអភិវឌ្ឍប្រកបដោយសមធម៌ ចីរភាពរបស់ប្រទេសជាតិ”។ សម្ដេចធិបតីបានឱ្យដឹងទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបានសិក្សា និងដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយចាំបាច់បំផុត រួមទាំងផែនការយុទ្ធសាស្រ្ដសុខាភិបាលឆ្នាំ២០២៥-២០៣០ និងផែនការជាតិប្រយុទ្ធនឹងមហារីកឆ្នាំ២០២៥-២០៣០ ក្នុងគោលបំណងទប់ស្កាត់ជំងឺដែលអាចបង្ការបាន កាត់បន្ថយការស្លាប់មុនអាយុ បង្កើនឱកាសរស់រានមានជីវិត និងលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារប្រកបដោយភាពស័ក្ដិសិទ្ធិ ប្រសិទ្ធភាព តម្លាភាព និងសមធម៌ ជាពិសេសជំរុញល្បឿនក្នុងការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បន្ដផ្ដល់អាទិភាពខ្ពស់ចំពោះការពង្រឹងសមត្ថភាពស្ថាប័ន ការកែលម្អអភិបាលកិច្ចនៅតាមមូលដ្ឋានសុខាភិបាល និងការជំរុញបរិវត្ដកម្មឌីជីថល នៅក្នុងវិស័យសុខាភិបាលសាធារណៈនៅកម្ពុជា ព្រមទាំងពង្រីកប្រព័ន្ធផ្ដល់សេវាថែទាំងសុខភាពប្រកបដោយនវានុវត្ដន៍ និងផ្ដោតជាចម្បងលើការថែទាំងសុខភាពបឋម ការលើកកម្ពស់របបអាហារសុខភាព ការបង្កើនគុណវុឌ្ឍិ សុវត្ថិភាព និងប្រសិទ្ធភាព នៃសេវាថែទាំសុខភាព ការចែកចាយ និងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ ការអប់រំ និងផ្សព្វផ្សាយអំពីសុខភាព ព្រមទាំងពង្រឹងគណនេយ្យភាពសមិទ្ធកម្ម គោលនយោបាយ កសាង និងផែនការយុទ្ធសាស្រ្ដសុខាភិបាលដែលបានដាក់ចេញ៕
ដោយ៖ រិទ្ធី





