សម្តេចប្រធានកាកបាទក្រហមកម្ពុជាសម្រេចផ្តល់ថវិកា១០ម៉ឺនដុល្លារអាម៉េរិក ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូបនូវថវិកាដ៏ថ្លៃថ្លាចំនួន១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន តាមរយៈស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកក្នុងប្រតិបត្តិការមនុស្សធម៌ឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិដែលកំពុងកើតមានឡើងនៅក្នុងប្រទេសចិន។ ពិធីនេះ ប្រព្រឹត្តទៅស្ថានទូតចិននាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ ចំណែកឯការផ្ទេរថវិកានឹងដំណើរការទៅតាមនិតីវិធីនៃប្រព័ន្ធធនាគារ។

នេះជាលើកទី២ ហើយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាមនុស្សធម៌ចំនួន១០ម៉ឺនដុល្លារអាម៉េរិក ជូនដល់សមាគមកាកបាទក្រហមចិន ដោយការផ្តល់ជំនួយលើកទី១ ត្រូវបានធ្វើឡើងកាលពីអំឡុងខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។ បន្ថែមពីលើនេះ កាកបាទក្រហមកម្ពុជាក៏បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាម៉េរិកផ្សេងទៀត តាមរយៈសហព័ន្ធអន្តរជាតិ (IFRC) ដើម្បីចូលរួមគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ព្រំដែននេប៉ាល់-ចិនផងដែរ។

លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបាននាំយកនូវបណ្តាំសួរសុខទុក្ខ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាជនចិនដែលកំពុងរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ។ លោកជំទាវបានបញ្ជាក់ថា ទោះបីជាថវិកាជំនួយរបស់កាកបាទក្រហមកម្ពុជាមានចំនួនមិនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែវាជាការស្តែងចេញនូវទឹកចិត្ត និងមនោសញ្ចេតនា អាណិតអាសូរ ព្រមទាំងការចែករំលែកទុក្ខលំបាកយ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រជាជនកម្ពុជា ជាមួយបងប្អូនប្រជាជនចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានប្រសាសន៍ថា ក្នុងរយៈពេលត្រឹមតែជាងពីរខែប៉ុណ្ណោះ កាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភដល់ប្រជាជនចិនរហូតដល់២លើក។ ឯកឧត្តមបានជម្រាបជូនថា កាលពីជំនួយលើកទី១ សមាគមកាកបាទក្រហមចិន បានផ្សព្វផ្សាយជាសាធារណៈជូនដល់ប្រជាជនចិនបានជ្រាប ហើយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជនចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានរំលឹកអំពីសកម្មភាពមនុស្សធម៌នាពេលកន្លងមក ដែលតំណាងស្ថានទូតចិនបានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយថវិកាផ្ទាល់ខ្លួនបន្តិចបន្តួច (៣ម៉ឺនរៀលក្នុងមួយគ្រួសារ) ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានគូសបញ្ជាក់ថា “អ្វីដែលសំខាន់មិនមែននៅលើទំហំទឹកប្រាក់នោះទេ ប៉ុន្តែគឺស្ថិតនៅលើទឹកចិត្ត តម្លៃមនុស្សធម៌ និងមនោសញ្ចេតនាចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងគ្រាលំបាក”។
លោកជំទាវអគ្គលេខាធិការក៏បានលើកឡើងអំពីបំណងរបស់កាកបាទក្រហមកម្ពុជា ក្នុងការស្នើសុំកិច្ចសហប្រតិបត្តិការជាមួយសមាគមកាកបាទក្រហមចិន សាខាខេត្តគ័ងស៊ី ដើម្បីជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីកាកបាទក្រហមកម្ពុជា លើវិជ្ជាសង្គ្រោះបឋម ដោយសារបច្ចុប្បន្ន កាកបាទក្រហមកម្ពុជាមានបណ្តាញវិជ្ជាសង្គ្រោះបឋមនៅគ្រប់ ២៥ រាជធានី-ខេត្ត ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញនេះជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមអគ្គរដ្ឋទូតបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងរីករាយក្នុងការជួយសម្របសម្រួលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមនេះលេចចេញជាផ្លែផ្កា។

ឯកឧត្តមអគ្គរដ្ឋទូតចិនបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀតថា ស្ថានទូតចិនតែងតែរង់ចាំជួយ និងសហការជាមួយកាកបាទក្រហមកម្ពុជាជានិច្ច ហើយរាល់សេចក្តីត្រូវការចាំបាច់ទាំងឡាយណាដែលកាកបាទក្រហមកម្ពុជាស្នើសុំ ស្ថានទូតចិននឹងខិតខំប្រឹងប្រែងចែករំលែក និងជួយជ្រោមជ្រែងតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





